
កណ្ដាល ៖ ទណ្ឌិតចំនួន ១៩២នាក់ ដែលបានបញ្ចប់នីតិវិធីរួចរាល់នៅតុលាការ និងកំពុងឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល ត្រូវបានដឹកជញ្ជូនផ្ទេរយកទៅឃុំបន្តនៅមណ្ឌលអប់រំកែប្រែទី៤ ដែលមានទីតាំងនៅស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។

បើយោងតាម លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ នេះជាសកម្មភានៃអនុវត្តតួនាទីរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងការរៀបចំឱ្យបានរៀបរយនូវការគ្រប់គ្រងជនជាប់ឃុំ។ ពោលគឺអ្នកជាប់ឃុំដែលបានបញ្ចប់នីតិវិធីតុលាការរួចរាល់ ត្រូវរៀបចំឱ្យពួកគាត់ទៅកាន់មណ្ឌលអប់រំកែប្រែ ហើយទីតាំងដែលជាកន្លែងស្ដារនីតិសប្បទាពិតប្រាកដ គឺនៅតាមមណ្ឌលអប់រំកែប្រែ។

ម្យ៉ាងទៀត ក្រៅពីការផ្ទេរ ទណ្ឌិត ទៅកាន់មណ្ឌលអប់រំកែប្រែហើយនោះ ក៏ដើម្បីរំដោះស្ថានភាពចង្អៀតណែននៅតាមពន្ធនាគារផងដែរ ដែលទាមទារឱ្យមានការផ្ទេរចេញ ទៅកន្លែងមួយដែលសមស្រប។ នៅមួយរយៈចុងក្រោយនេះ មានចរន្តនៃការផ្ទេរអ្នកទោស ត្រូវបានធ្វើឡើងជាញឹកញាប់នៅគ្រប់អង្គភាពទូទាំងប្រទេស ពោលគឺពីពន្ធនាគារដែលមានភាពចង្អៀតណែនទៅកាន់កន្លែងដែលមានភាពធូរស្រាល ជាពិសេសនៅតាមមណ្ឌលអប់រំកែប្រែស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា បច្ចុប្បន្នមណ្ឌលអប់រំកែប្រែទី៤ខេត្តពោធិសាត់ មានអ្នកជាប់ឃុំប្រមាណជាង២០០០នាក់ ដែលត្រូវបានបញ្ជូនមកពីពន្ធនាគារនានា បូករួមទាំងអ្នកទោសថ្មីទើបបានបញ្ជូនពីពន្ធនាគារចំនួន១៩២នាក់ ពីពន្ធនាគារខេត្តកណ្ដាល។

បើតាមការបញ្ជាក់របស់ឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី ប្រធានមណ្ឌលអប់រំកែប្រែទី៤ តាមរយៈហេដ្ឋារចនាសម្ព័ន្ធមានស្រាប់មណ្ឌលអប់រំកែប្រែមួយនេះ អាចទទួលអ្នកជាប់ឃុំបានប្រមាណជុំវិញ៣០០០នាក់ ដោយពួកគេត្រូវបានស្ដារនីតិសប្បទា និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូចជា តបណ្ដាញអគ្គិសនី ជាងដែក បរិក្ខាត្រជាក់តាមគេហដ្ឋាន កសិកម្មចិញ្ចឹមសត្វ និងដាំដុះសំណាំផ្សេងៗ និងមុខជំនាញមួយចំនួនទៀត ដើម្បីកាត់បន្ថយបទល្មើសសារជាថ្មីនៅពេលត្រឡប់ទៅសហគមវិញ៕






































Leave a Reply