ក្រសួងអប់រំ ដាក់ចេញផែនការយុទ្ធសាស្ត្រអប់រំ ២០២៤-២០២៨ សំដៅធានាថា ពលរដ្ឋកម្ពុជាទាំងអស់ ទទួលបានការអប់រំប្រកបដោយគុណភាព

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួង ដាក់ចេញផែនការយុទ្ធសាស្ត្រអប់រំ ២០២៤-២០២៨ សំដៅធានាថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន។

ក្នុងពិធីបើកសន្និសីទវិទ្យាសាស្ត្រលើកទី១៤ ស្តីពី “ការប្រើប្រាស់សក្តានុពលនៃការស្រាវជ្រាវ និងអភិវឌ្ឍន៍ដើម្បីនវានុវត្តន៍ និងកំណើន” (Leveraging R&D for Innovation and Growth) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្រាវជ្រាវ និងការអភិវឌ្ឍក្នុងការជំរុញនវានុវត្តន៍លើគ្រប់វិស័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលនៃ ផលិតកម្ម សេវាកម្ម និងដំណើរការសហគ្រាស ឧស្សាហកម្ម កិច្ចសហការរវាងស្ថាប័នសិក្សា ឧស្សាហកម្ម។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តយុទ្ធសាស្ត្រលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ ដោយផ្តោតលើភាពជាដៃគូរវាងស្ថាប័នសិក្សា ឧស្សាហកម្ម និងរដ្ឋាភិបាល ដើម្បីជំរុញពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឯកជន និងសង្គមឌីជីថល។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រសួងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអប់រំ ២០២៤-២០២៨ សំដៅធានាថាប្រជាពលរដ្ឋកម្ពុជាទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាប័ន្ន ដោយផ្តោតលើការពង្រឹងនិងពង្រីក ចំណេះដឹង ជំនាញសតវត្សទី២១ វិន័យ សីលធម៌ សុជីវធម៌ សុខភាព កាយសម្បទា និងការរៀនសូត្រពេញមួយជីវិត»៕