ភ្នំពេញ ៖ ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-ចិន ដើម្បីបង្ការ ទប់សង្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្លាយជាប្រធានបទស្នូលមួយដ៏លេចធ្លោ នៃជំនួបពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក LIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

បើតាម លោកឧបនាយករដ្ឋមន្ត្រីស សុខា កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ បានកំពុងនាំមកនូវលទ្ធផលជាក់ស្ដែង ប្រកបដោយទំនុកចិត្តខ្ពស់ដល់គ្នាទៅវិញទៅមកគួរជាទីពេញចិត្តពីមួយឆ្នាំទៅមួយឆ្នាំ ដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវការសម្រេចបានបុព្វហេតុរួម នៃការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដល់ប្រជាជននៃប្រទេសទាំងពីរ រួមទាំងមនុស្សជាតិក្នុងតំបន់ និងពិភពលោក។
ក្នុងនាមក្រសួងសាធារណៈចិន លោក លីវ ចុងអ៊ី បានកោតសរសើរការដឹកនាំដ៏មុះមុតប៉ិនប្រសព្វ និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ជាពិសេសក្នុងការងារដោះស្រាយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងលទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្មីៗនេះ ព្រមជាមួយការដាក់ចេញ និងពង្រឹងបន្ថែមទៀតនូវយន្តការថ្មីៗជាបន្ដបន្ទាប់ ដើម្បីរួមចំណែកដោះស្រាយបញ្ហា ដែលមានការប្រឈមជាសាកលមួយនេះ។
លោក ឧបការី បានមានប្រសាសន៍ទៀតថា អ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ដែលក៏មានក្រសួងមហាផ្ទៃជាសេនាធិការស្នូលផងនោះ បានបង្ហាញឱ្យមជ្ឈដ្ឋានខាងក្រៅមើលឃើញយ៉ាងច្បាស់ពីជំហរមិនរាថយរបស់កម្ពុជា ក្នុងបេសកកម្មពង្រឹងការអនុវត្តច្បាប់ ដើម្បីបង្ក្រាបបទល្មើសគ្រប់ប្រភេទ សំដៅលើកកម្ពស់សុវត្ថិភាព សន្តិសុខ សម្រាប់ប្រជាពលរដ្ឋកម្ពុជា សម្រាប់មនុស្សជាតិក្នុងតំបន់ និងពិភពលោក រួមទាំងជនជាតិចិន ហើយថា បច្ច័យនេះ នឹងជួយលើកស្ទួយមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងជំរុញដល់វិស័យសេដ្ឋកិច្ច។
ក្នុងជំនួបនោះដែរ លោក ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញវិធានការដ៏មុតស្រួច ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ ដូចជាការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAM) ជាដើម៕












































Leave a Reply