រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តឱ្យមានការបង្កើតវេទិកាឌីជីថលអប់រំភាសាបារាំង ដើម្បីលើកកម្ពស់ការរៀនភាសាបារាំងនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញលើកទឹកចិត្តឱ្យមានការបង្កើតវេទិកាឌីជីថលអប់រំភាសាបារាំង និងការប្រើប្រាស់បណ្ដាញផ្សព្វផ្សាយសង្គមឱ្យបានទូលំទូលាយ ដើម្បីចែករំលែកចំណេះដឹង និងលើកកម្ពស់ការរៀនភាសាបារាំងនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស្រី Rennie Yotova ប្រធានផ្នែកអប់រំភាសាបារាំង នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី និងការទទួលស្វាគមន៍វត្តមានគ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិ នៃកម្មវិធីបម្លាស់ទីគ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួងអប់រំ។

ក្នុងជំនួបនេះ បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងវិស័យអប់រំ និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ពិសេសការចូលរួមពង្រឹង និងលើកកម្ពស់ការបង្រៀន និងរៀនភាសាបារាំងនៅកម្ពុជា។ 

ក្នុងឱកាសនេះ លោកស្រី Rennie Yotova បានលើកឡើងថា កម្មវិធីបម្លាស់ទីគ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិ ជាកម្មវិធីដ៏ល្អមួយរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីចាប់តាំងពីឆ្នាំ២០២០ និងក្នុងឆ្នាំ២០២៦នេះ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីបានជ្រើសរើសគ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិដែលមានសមត្ថភាពចំនួន១៣រូប មកបំពេញភារកិច្ចនៅតាមបណ្ដាគ្រឹះស្ថានអប់រំ ក្នុងគោលដៅលើកកម្ពស់ការបង្រៀន និងរៀនភាសាបារាំង តាមរយៈសកម្មភាព ការបណ្ដុះបណ្ដាល ការបង្កើតក្លឹបសិក្សាភាសាបារាំង សកម្មភាពសិល្បៈ និងវប្បធម៌នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់គ្រូ និងសិស្ស។

ជាការឆ្លើយតប លោក ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានគ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិ នៃកម្មវិធីបម្លាស់ទីគ្រូបង្រៀនស្ម័គ្រចិត្តបារាំងអន្តរជាតិ ទាំង១៣រូប។

លោក ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វត្តមានរបស់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត មិនត្រឹមតែជួយពង្រឹងសមត្ថភាពភាសាបារាំងដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពអន្តរជាតិ និងជាការរួមចំណែកយ៉ាងសំខាន់ក្នុងការត្រៀមលក្ខណៈរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ៕