ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា កម្ពុជាបាននិងកំពុងជំរុញបង្កើតស្ថានីយ៍បញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ឱ្យគ្របបណ្តប់នៅទូទាំងប្រទេស សម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការធ្វើអាជីវកម្ម ជាពិសេសសហគ្រាសដឹកជញ្ជូន តាមរយៈនៃការកាត់បន្ថយនូវការចំណាយខ្ពស់ និងការចូលរួមលើកកម្ពស់ថាមពលស្អាត។

ការលើកឡើងបែបនេះរបស់ លោក កែវ រតនៈ បានធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវស្ថានីបញ្ចូលថាមពលរបស់ ក្រុមហ៊ុន ហ្សូ ម៉ូធ័រ ខេមបូឌា។
លោក កែវ រតនៈ បានថ្លែងថា ការដាក់ឱ្យដំណើរសាកល្បង ស្ថានីយ៍បញ្ចូលថាមពលដ៏ធំមួយនៅរាជធានីភ្នំពេញ គឺជាការឈានទៅអនុវត្ដគោលនយោបាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធ្វើយ៉ាងណាយកផលប្រយោជន៍ បានមកពីការកែទម្រង់របស់វិស័យអគ្គិសនី ហើយយកមកចែកផលឱ្យដល់សេដ្ឋកិច្ច និងសង្គម ពីព្រោះក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះតាំងពី សម្តេចតេជោ ហ៊ុន សែន ដែលបានកសាងមូលដ្ឋានគ្រឹះឱ្យប្រទេសកម្ពុជា ដែលធ្វើឱ្យប្រទេសកម្ពុជា មានស្ថិរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី ជាពិសេសអគ្គិសនីដើរដោយថាមពលស្អាត។
លោករដ្ឋមន្ត្រី បានថ្លែងបន្ដថា ឥឡូវនេះ សម្តេចបវរធិបតី បានបន្ដការកែទម្រង់នេះ ក្នុងល្បឿនមួយដែលលឿនបន្ថែមទៀត ដែលធ្វើឱ្យប្រទេសកម្ពុជា នៅឆ្នាំ២០២៥ មានថាមពលស្អាតប្រមាណ៦៣% នៃថាមពលសរុបនៅក្នុងបណ្ដាញជាតិ មានន័យថា លើសលប់នៅក្នុងបណ្តាញជាតិ គឺប្រើថាមពលស្អាត ដូច្នេះនេះមិនមែនតែជាជោគជ័យក្នុងវិស័យអគ្គិសនីទេ ប៉ុន្តែយើងយកផលប្រយោជន៍នេះមកជំរុញឲ្យវិស័យដទៃទៀត៕









































Leave a Reply