ប្រធានរដ្ឋសភាកម្ពុជា អំពាវនាវពលរដ្ឋប្រែក្លាយការឈឺចាប់ពីការឈ្លានពានរបស់បរទេស ទៅជាឱកាសនៃការពង្រឹងខ្លួនគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានអំពាវដល់យុវជនដែលជាកម្លំាងស្នូលរបស់ប្រទេសជាតិ ក៏ដូចជាពលរដ្ឋទូទៅ ប្រែក្លាយឱកាសឈឺចាប់ពីការឈ្លានពានរបស់ប្រទេសថៃលើអធិបតេយ្យកម្ពុជា ជាឱកាសក្នុងការពង្រឹងចំណេះដឹង ពង្រឹងសមត្ថភាព ពង្រឹងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ជឿនលឿនទៅមុខបន្ថែមទៀត។   

សម្តេច បានគូសបញ្ជាក់ថា «នៅគ្រាលំបាកនេះ យើងមិនត្រូវដេកដួល តាមសភាពការណ៍នោះឡើយ។ មានន័យថា អ្នកត្រូវសិក្សា ត្រូវខិតខំសិក្សារៀនសូត្រឱ្យកាន់តែខ្លំាង អ្នកប្រកបអាជីវកម្មរកទទួលទាន ត្រូវខិតខំពង្រីកចង្វាក់ផលិតកម្ម របស់ខ្លួនធ្វើយ៉ាងណាឱ្យមានការរីកចម្រើន ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនឆាប់រហ័សទៅមុខ។ 

ការអំពាវនាវរបស់ សម្តេច ប្រធានរដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ក្នុងឱកាស អញ្ជើញទទួលអំណោយសប្បុរសធម៌ពី លោក ម៉ៃ ចាន់នាង អគ្គនាយកក្រុមហ៊ុន Oudon Express រួមមានថវិកា១លានរៀល អង្ករ២តោន ទឹកបរិសុទ្ធ៥០កេស មី៥០កេស នំ៦កេសធំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈសម្តេចប្រធានរដ្ឋសភា ដើម្បីចែកជូនដល់វីរៈកងទ័ព និងពលរដ្ឋភៀសសឹក។ 

សម្តេច បានលើកទឹកចិត្ត លោកម៉ៃ ចាន់នាង និងសហការីទំាងអស់ដែលជាយុវជន ក៏ដូចជាអ្នកវិនិយោគក្នុងស្រុកទំាងអស់ បន្តខិតខំប្រែក្លាយឱកាសឈឺចាប់ដែលកម្ពុជាកំពុងជួបប្រទះនេះ ក្លាយជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងពង្រីកមុខរបរ ឬអាជីវកម្មរបស់ខ្លួន ឱ្យកាន់តែសម្បូរបែបឡើង ផ្គត់ផ្គង់តម្រូវការក្នុងស្រុកជំនួសរាល់ផលិតផលនាំចូល។ ការផលិតបាននូវផលិតផលដែលជាតម្រូវការរបស់ប្រជាពលរដ្ឋមិនត្រឹមជួយឱ្យសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិចម្រើនប៉ុណ្ណោះទេ ថែមទំាងធ្វើឱ្យកម្ពុជាមានឯករាជ្យនិងម្ចាស់ការលើគ្រប់វិស័យ។ សម្តេច បានសង្កត់ធ្ងន់ថា «សូមយើងទំាងអស់គ្នាសូមប្តូរការឈឺចាប់របស់យើងនាពេលនេះ ទៅជាភាពរឹងមាំនិងធន់របស់ជាតិយើង»។

ឆ្លៀតនៅក្នុងឱកាសនោះសម្តេចបានលើកឡើងពីយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់រាជរដ្ឋាភិបាល ដែលបន្តអនុវត្តនូវគោលការណ៍ស្ងាត់តែមិនស្ងៀម។ សម្តេច លើកឡើងថា ទោះបីពេលនេះ បទឈប់បាញ់បានកំពុងអនុវត្តយ៉ាងណាក្តី តែយើងត្រូវការការឧបត្ថម្ភគាំទ្រ ទាំងស្មារតីនិងសម្ភារជូនវីរយុទ្ធជន និងគ្រួសាររបស់គាត់ជាបន្តទៀត៕