នគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យ ៩នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

មណ្ឌលគិរី ៖ កម្លាំងនគរបាលខេត្តមណ្ឌលគិរី បានធ្វើការចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ៩នាក់ ដកហូតបានគ្រឿងញៀន ចំនួន ១០កញ្ចប់។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សុខដុម នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានធ្វើការចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ៩នាក់ (ស្រី១នាក់) ដកហូតបានគ្រឿងញៀន ចំនួន ១០កញ្ចប់ (៧កញ្ចប់ធំល្មម ៣កញ្ចប់តូច) នៅចំណុចផ្ទះសំណាក់ប៊ូស្រា និងបន្ទប់ជួលរបស់ឈ្មោះ ធា ស្ថិតនៅភូមិកណ្តាល សដ្កាត់ស្ពានមានជ័យ និងភូមិដោះក្រមុំសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី មានការចូលរួមពីអជ្ញាធរមូលដ្ឋានលោក សាញ់ លាង អនុភូមិកណ្តាល សង្កាត់ស្ពានមានជ័យ លោក នីវ ឌិត ចៅស្កាត់រងទី២ សង្កាត់សុខដុម៕