ក្រសួងការពារជាតិ ណែនាំពីការហាមឃាត់ការប្រើប្រាស់ដ្រូនគ្រប់ប្រភេទនៅទូទាំងប្រទេស ពិសេសខេត្តជាប់ព្រំដែនថៃ

ភ្នំពេញ ៖ ក្រសួងការពារជាតិ បានចេញសេចក្ដីណែនាំរឹងបន្ដឹង និងហាមឃាត់ការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដោយគ្មានការអនុញ្ញាតគ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។

ក្រសួងការពារជាតិ បានធ្វើការណែនាំដូចជា ៖ 

ទី១៖ ហាមដាច់ខាតការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដូន) គ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត នៅ ក្នុងរាជធានី ខេត្ត ជាពិសេសបណ្តាខេត្តជាប់ព្រំដែនដែលមានដូចជាខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តប៉ៃលិន

ទី២៖ ជនណាដែលបំពាន ឬប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដូន) ដោយគ្មានការអនុញ្ញាតពីក្រសួងការពារជាតិ នឹងត្រូវទទួលទោសតាមច្បាប់កំណត់

ទី៣៖ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងអាកាស បញ្ជាការដ្ឋានការពារអាកាស ដោយសហការជាមួយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់ ត្រួតពិនិត្យការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដូន) ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ ក្នុងករណីចាំបាច់អង្គភាពទ័ពអាចឆ្លើយតប រួមទាំងការប្រើប្រាស់ប្រព័ន្ធប្រឆាំង1S (Anti-Drone System)៕