ក្រសួងការពារជាតិកម្ពុជា ៖ យោធាថៃ បន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងស្រុកភ្នំព្រឹក និងស្រុកសំពៅលូន

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖

– ចាប់ពីម៉ោង ៦:២៥ ដល់ ៩:៣០នាទី យោធាថៃផ្លោងកាំភ្លើងធំ ៥គ្រាប់ចូលភូមិសាស្ត្រ ឃុំភ្នំព្រឹក និង ២គ្រាប់ចូលភូមិសាស្ត្រ ភូមិអូរចោត ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមព័ត៌មានបឋមពីអាជ្ញារធរមូលដ្ឋានការវាយប្រហារនេះបានធ្វើឱ្យជនស៊ីវិល១រូបរងរបួស។

– ចាប់ពីម៉ោង ៨:៤០នាទី ដល់ ៩:៣០នាទី យោធាថៃផ្លោង ៥គ្រាប់ចូលភូមិសាស្ត្រ ភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ 

គិតមកដល់ម៉ោងនេះ ស្ថានការណ៍បានវិលមករកភាពស្ងប់ស្ងាត់ហើយ ប៉ុន្តែកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕