ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះ រូបភាពការបោកប្រាស់តាមរយៈការផ្ទេរប្រាក់ពីជនរងគ្រោះ ទៅគណនីធនាគារ របស់ជនល្មើសមានជាង៨០ម៉ឺនដុល្លារ។

ចំពោះករណីនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចាត់ទុកជាកិច្ចការចាំបាច់ដែលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមមធ្យោបាយទំនាក់ទំនងទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម។
ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានមានប្រសាសន៍ លើកយកសំណុំករណីបោកប្រាស់តាមមធ្យោបាយទូរសព្ទ និងបណ្ដាញទំនាក់ទំនងសង្គម ។ បើតាម លោកឧបនាយករដ្ឋមន្ត្រី ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃបានទទួលបណ្ដឹងប្រមាណ ២០០បណ្ដឹង ពាក់ព័ន្ធនឹងការបោកប្រាស់ប្រាក់ប្រមាណជាង ៨សែនដុល្លារអាម៉េរិក ហើយដែលប្រាក់នោះត្រូវបានផ្ទេរពីជនរងគ្រោះ ទៅគណនីធនាគារ របស់ជនល្មើស។
ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ ផ្ដើមចេញពីក្រសួងមហាផ្ទៃទៅតែម្ដង ដែលលោកបានណែនាំឱ្យអង្គភាពជំនាញ រៀបចំយន្តការក្រុមការងារសហការស្រាវជ្រាវបង្ក្រាបបទល្មើសបោកប្រាស់ដូចបានបញ្ជាក់ខាងលើនេះ។
តាមរយៈយន្តការនេះ លោក បានអះអាងថា មន្ត្រីជំនាញប្រចាំការ នឹងធ្វើការងារនេះ២៤ម៉ោង ជារៀងរាល់ថ្ងៃ ដើម្បីសហការជាមួយតំណាងធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងករណីទទួលបានបណ្ដឹងពីជនរងគ្រោះ ក្នុងនោះក៏រួមទាំងសហការស្នើសុំបង្កកប្រាក់ក្នុងគណនីជនល្មើសជាដើម៕












































Leave a Reply