
ភ្នំពេញ ៖ ក្នុងឱកាសមកបំពេញទស្សនកិច្ចស្វែងយល់ពីវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា អគ្គនាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានឱ្យដឹងថា JICA នឹងបន្តការគាំទ្រយ៉ាងពេញទំហឹង និងសហការជាមួយអង្គភាព CMAC ក្នុងវិស័យបោសសម្អាតមីន និងបន្តជួយគាំទ្រការអភិវឌ្ឍបច្ចេកទេសបោសសម្អាតមីន រួមជាមួយបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត។
ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោក ហេង រតនា អគ្គនាយក CMAC និង លោក HIDEHARU Tachibana អគ្គនាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) មកក្រុងតូក្យូ និងសហការី នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ ដើម្បីស្វែងយល់ពីវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាព CMAC នៃគម្រោងនានាដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន។
ក្នុងឱកាសនោះ លោក ហេង រតនា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ JICA ដែលបានផ្តល់ការគាំទ្រ ក្នុងការជួយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ កំណើនសេដ្ឋកិច្ច ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេសក្នុងវិស័យសកម្មភាពមីន។
លោក HIDEHARU Tachibana បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាពស៊ីម៉ាក់ដែលជាអង្គភាពឈានមុខគេលើការងារបោសសម្អាតមីននៅកម្ពុជានិងកិច្ចខិតខំប្រឹងប្រែងរបស់អង្គភាព CMAC ក្នុងការបំផ្លាញគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ដើម្បីសង្គ្រោះជីវិតមនុស្ស និងផ្តល់ដីសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕











































Leave a Reply