អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ត្រីសុខាភិបាល ត្រូវរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់

ប៉ៃលិន ៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានថ្លែងថា វិស័យសុខាភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នា ផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងប្រកបដោយគុណធម៌ ក្រោមគោលនយោបាយ កំណែទម្រង់របស់រាជរដ្ឋាភិបាល។

ការថ្លែងបែបនេះរបស់ លោកស្រីបណ្ឌិត អភិបាលខេត្ត បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ ដើម្បីពង្រឹងវិស័យសុខាភិបាល ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែ ល្អ ប្រសើរ ថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តប៉ៃលិន។

លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ដើម្បីជំរុញឲ្យវិស័យសុខា ភិបាល ក្នុងខេត្ត ទទួលបានជោគជ័យបន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវមានកិច្ចសហការឲ្យបានល្អ ជាមួយ ស្ថាប័នពាក់ព័ន្ធអង្គការដៃគូ ជាពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តទិសដៅផែនការដែលបាន ដាក់ចេញ ប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរកភាពជោគជ័យ ដែលបានកំណត់ ជាពិសេសត្រូវខិតខំពង្រឹង និងលើកកម្ពស់គុណភាព សេវា ទាំងថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ព្រមទាំងខិតខំអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងមានបច្ចេកទេស គ្រប់ គ្រាន់ ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ៕