
ព្រះសីហនុ ៖ ជនសង្ស័យចំនួន២៦៣នាក់ (ស្ត្រី ១៧នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។

ជនសង្ស័យដែលបានឃាត់ខ្លួនទាំង២៦៣នាក់នោះ រួមមានៈ ជនជាតិប៉ាគីស្ថាន ១១នាក់, បង់ក្លាដេស២៣នាក់, ចិន ២០៧នាក់ (ស្ត្រី ០៧នាក់), ស្ត្រីមីយ៉ាន់ម៉ា ០៦នាក់, នេប៉ាល់ ០៤នាក់, វៀតណាម ០៧នាក់ (ស្ត្រី ០៣នាក់), ម៉ាឡេស៊ី ០៤នាក់ និងស្ត្រីជនជាតិឡាវ០១នាក់។ ចំណែកវត្ថុតាងដកហូត មានកុំព្យូទ័រលើតុ ៨៦០គ្រឿង, ទូរស័ព្ទ ៤,១២៩គ្រឿង, កុំព្យូទ័រយួរដៃ ១៦គ្រឿង និង iPad ១៤គ្រឿង។

ប្រតិបត្តិការនោះត្រូវបានដឹកនាំធ្វើឡើងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន នៃគណកម្មការចំពោះកិច្ចប្រឆាំងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការចូលរួមសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គណៈបញ្ជាការឯកភាពខេត្តព្រះស៊ីហនុ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកឈីវ អ៉ិចគង់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដោយបានចុះត្រួតពិនិត្យនៅទីតាំងសង្ស័យ និងឈានដល់បានឃាត់ខ្លួនជនសង្ស័យពាក់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាខាងលើនេះ។

ក្រោយការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បច្ចុប្បន្នកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀតឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន និងប្រគល់ជូននគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុជាអ្នកគ្រប់គ្រងរង់ចាំអនុវត្តនីតិវិធីបន្ត៕








































Leave a Reply