
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបន្តក្រើនរម្លឹកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវបង្កើនចំណេះដឹងឱ្យបានរឹងមាំតាមរយៈការចូលរៀនវគ្គបណ្តុះបណ្តាល ដើម្បីក្លាយជាធនធានមនុស្សថ្មីមួយនៅក្នុងបរិបទបច្ចេកវិទ្យាទំនើបនៅក្នុងវិស័យព័ត៌មាន នាដំណាក់រីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI)។

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ជាក់ស្តែងចំពោះការរៀបចំវគ្គបណ្តុំបណ្តាលស្តីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងប្រព័ន្ធផ្សព្វផ្សាយ ជូនមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានអាជីពនៅកម្ពុជា អាចចូលរួមចំណែកកាន់តែខ្លាំងបន្ថែមទៀតដល់អ្នកសារព័ត៌មាន ដោយបានបំពាក់នូវចំណេះដឹងថ្មី ជាអាវុធបំពាក់ខ្លួនឯងផង និងបំពាក់នូវចំណេះដឹងថ្មីនៃការងារ គ្រប់គ្រង និងប្រឆាំងព័ត៌មានក្លែងក្លាយ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់ព័ត៌មានជាវីដេអូ និងការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI) ក្នុងប្រព័ន្ធផ្សព្វផ្សាយ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥, លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានឱ្យដឹងថា «ការអភិវឌ្ឍមូលធនមនុស្សដែលយើងនិយាយអំពីការអភិវឌ្ឍមូលធនមនុស្ស អ៊ឹចឹងនៅក្នុងបរិបទប្រទេសកម្ពុជាយើងមុំទី១ យុទ្ធសាស្រ្តបច្ចកោណ គឺបាននិយាយអំពីមូលធនមនុស្ស។ កាលណាគេនិយាយពីប្រទេសអភិវឌ្ឍន៍ គឺត្រូវតែរឹងមាំគ្រប់វិស័យទាំងអស់ យើងមិនអាចចោលវិស័យណាមួយបានទេ ហើយវិស័យទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះដើម្បីគាំទ្រទៅលើការអភិវឌ្ឍជាតិ»។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់ដោយលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបង្កើនចំណេះដឹងរបស់ខ្លួន បង្កើននូវស្នាដៃរបស់ខ្លួន ដើម្បីឱ្យអ្វីដែលយើងបានធ្វើហើយនោះវាសមមូល ឬវាស៊ីជាមួយការអភិវឌ្ឍន៍សង្គម បើសិនអ្នកសារព័ត៌មានមិនពង្រឹងនូវសមត្ថភាពទេនោះនឹងដើរមិនទាន់យុគសម័យថ្មីបានឡើយ។ ចំណេះដឹងទាំងនេះអ្នកសារព័ត៌មាននឹងជួយដល់អ្នកផ្សេងៗទៀតជាពិសេសអ្នកដែលទទួលព័ត៌មានពីអ្នកសារព័ត៌មានយើងទាំងអស់គ្នា៕






































Leave a Reply