
ស្ទឹងត្រែង ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ដែលទើបឡើងកាន់តំណែងជាស្នងការនគរបាលខេត្តស្ទឹងត្រែង ត្រូវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបទល្មើសគ្រឿងញៀន ដែលជាបញ្ហាប្រឈមសកល។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលាខេត្តស្ទឹងត្រែង នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា ដោយសារតែភូមិសាស្ដ្រខេត្តស្ទឹងត្រែង មានព្រំប្រទល់ជាប់ប្រទេសជិតខាង ដូច្នេះក្រុមឧក្រិដ្ឋជនតែងលួចនាំយកគ្រឿងញៀនឆ្លងកាត់ បើទោះបីកន្លងទៅមានការបង្ក្រាបបានជាបន្ដបន្ទាប់ ប៉ុន្ដែត្រូវបន្ដយកចិត្តទុកដាក់បន្ថែមទៀត ខណៈស្នងការថ្មីក៏មានជំនាញលើការងារនេះ។

ក្រៅពីបញ្ហាគ្រឿងញៀន នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យពង្រឹងយកចិត្តទុកដាក់បង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រទេស ក្នុងនោះមានទាំង ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស រត់ពន្ធទំនិញគេចពន្ធ និងទំនិញក្លែងក្លាយជាដើម។ លើសពីនេះ ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មាន និងរឹតចំណងមិត្តភាពជាមួយស្ថាប័នពាក់ព័ន្ធទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

លើសពីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការស្នងការ បានក្រើនរំលឹកឲ្យពង្រឹងវិន័យកងកម្លាំង សិលធម៌ វិជ្ជាជីវៈ ក្នុងនោះមន្រ្តីមានស្នាដៃត្រូវលើកសរសើរជូនរង្វាន់ មន្ដ្រីមានកំហុសត្រូវអនុវត្តវិន័យកងកម្លាំង ករណីមានកំហុសធ្ងន់ធ្ងរអនុវត្តតាមច្បាប់ ដោយមានការប្រជុំក្រុមប្រឹក្សាវិន័យច្បាស់លាស់៕







































Leave a Reply