
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ស្នើរដ្ឋាភិបាលបារាំងបន្តជួយគាំទ្របន្ថែមទៀត ក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ នវានុវត្តន៍ ជាពិសេសផ្តល់អាហារូបករណ៍ ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏ដូចជានិសិត្សកម្ពុជា ឲ្យមានឱកាសបន្តការសិក្សានៅប្រទេសបារាំង ដែលជាការរួមចំណែកលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា។

ការស្នើនេះបានធ្វើឡើងនៅក្នុងឱកាសដែលលោកសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតវេជ្ជបណ្ឌិតឯកទេសដែលត្រូវបន្តការសិក្សានៅសាធារណៈរដ្ឋបារាំង ឆ្នាំសិក្សា ២០២៥-២០២៦ នាថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានការអញ្ជើញចូលរួមផងដែរពីលោកស្រី Marie Buscail ទីប្រឹក្សាទី១នៃស្ថានទូតបារាំង ប្រចាំកម្ពុជា។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអរគុណរដ្ឋាភិបាលបារាំង បាននិងកំពុងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសគឺការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

លោក រដ្ឋមន្ដ្រី បន្ដថា ជាក់ស្តែងនាពេលនេះ រដ្ឋាភិបាលបារាំងបានផ្តល់អាហារូបករណ៍ដល់និសិត្សកម្ពុជា ទៅសិក្សានៅប្រទេសបារាំង និងសូមបន្តជួយគាំទ្របន្ថែមទៀត ក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ នវានុវត្តន៍ ជាពិសេសផ្តល់អាហារូបករណ៍ ដល់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក៏ដូចជានិសិត្សកម្ពុជា ឲ្យមានឱកាសបន្តការសិក្សានៅប្រទេសបារាំង ដែលជាការរួមចំណែកលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងមូលធនមនុស្សជាអាទិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

លោក រដ្ឋមន្ដ្រី ក៏បានណែនាំដល់និស្សិតទទួលបានជយលាភីថា «ក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ ដោយនាំយកចំណេះជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា ជាពិសេសមកបម្រើដល់ប្រទេសជាតិ»៕





































Leave a Reply