
ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា សុខភាពទារក និងកុមារពិតជាសំខាន់ណាស់ សម្រាប់អនាគតរបស់ប្រទេសជាតិ ដែលទាមទារឱ្យយើងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងនោះគឺសុខភាពមាតាតែម្ដង ទាំងពេលពពោះ ក្នុងពេលសម្រាល និងក្រោយសម្រាល។ដូច្នេះសូមបន្ថែមពីលើវិធានការបង្ការហានិភ័យមុនកំនើត ដែលជាការចាំបាច់។

ការថ្លែងយ៉ាងដូច្នេះរបស់ លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៧ ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពសេវាថែទាំសុខភាពកុមារ ពីបង្ការ រហូតដល់ការព្យាបាល» នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ និងអង្គការដៃគូ លោក SONG Yonggun ប្រធានមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិប្រចាំកម្ពុជា (KOFIH) សរុប ២៦០នាក់។

លោកសាស្រ្តាចារ្យ រដ្ឋមន្ដ្រី ក៏បានសង្កត់ធ្ងន់ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងទាំងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ក្តីករុណា គុណធម៌គ្រប់ពេលជានិច្ច គ្រប់ពេលវេលា ដើម្បីសេចក្តីពេញចិត្ត និងទំនុកចិត្តប្រជាពលរដ្ឋ គោរពនិងលើកគុណតម្លៃវិជ្ជាជីវៈសុខាភិបាលក្នុងសេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវ។ ពិសេសត្រូវប្រើប្រាស់ធនធានដែលមានស្រាប់ ច្នៃប្រឌិត និងរកដំណោះស្រាយ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា ភាពរីកចម្រើនសម្រាប់ស្ថាប័ន និងប្រទេសជាតិ។

លោកសាស្រ្តាចារ្យ រដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមដល់មន្រ្តីសុខាភិបាល ត្រូវខិតខំពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែម រួមទាំងការចែករំលែកដល់សហភាតរៈ ដើម្បីធានាបាននូវការបម្រើសេវាថែទាំព្យាបាល បង្ការ ប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជូនដល់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើង៕









































Leave a Reply