
ភ្នំពេញ ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ន ថៃ បានក្លាយទៅជារដ្ឋមួយ ដែលគ្មានភាពខ្មាសអៀន បាត់អស់ភាពថ្លៃថ្នូរ និងក្លាយជារដ្ឋមួយ ដែលមានប្រព័ន្ធដឹកនាំជាតិ គ្មានក្បាល គ្មានកន្ទុយ បន្ទាប់ពីប្រជាជន និងកងកម្លាំងថៃមួយចំនួន បានយករូបថត សម្តេចតេជោ ហ៊ុន សែន ទៅធ្វើជាផ្ទាំងស៊ីប នៃល្បែងបាញ់យករង្វាន់ កាលពីពេលថ្មីៗនេះ។

ក្នុងសាររបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានគូសបញ្ជាក់ថា «ថៃ ជាប្រទេសដែលមានព្រះមហាក្សត្រ និងមានប្រពៃណីទំនៀមទម្លាប់អ្នកកាន់ព្រះពុទ្ធសាសនាហ្នឹងគេដែរ! ជាប្រទេសមួយមិនធ្លាប់ស្ថិតក្រោមអាណានិគមបរទេស! ជាប្រទេសស្ថាបនិកមួយរបស់អាស៊ាន និងជាប្រទេសមានសេដ្ឋកិច្ចខ្លាំងមួយនៅក្នុងតំបន់ដែរ។ ប៉ុន្តែបច្ចុប្បន្ន ថៃ បានក្លាយទៅជារដ្ឋមួយ ដែលគ្មានភាពខ្មាសអៀន បាត់អស់ភាពថ្លៃថ្នូរ និងក្លាយជារដ្ឋមួយ ដែលមានប្រព័ន្ធដឹកនាំជាតិ គ្មានក្បាល គ្មានកន្ទុយ»។
លោកឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា មិនមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែលើកនេះ សកម្មភាពប្រមាថរបស់ជនជាតិថៃខ្លះ មកលើសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា ដ៏មានគុណមួយរូបរបស់ប្រជាជនខ្មែរ បានប្រព្រឹត្តឡើងដោយកងកម្លាំងថៃ តែម្ដង។ ការយករូបថត សម្ដេចតេជោ ធ្វើជាផ្ទាំងស៊ីបនៃល្បែងបាញ់យករង្វាន់ ទោះបី សម្ដេចតេជោ ទទូចសុំពលរដ្ឋកុំប្រព្រឹត្តតបនឹងទង្វើដ៏អន់ថយនោះទៅថៃវិញ ក៏ដោយ តែក្នុងនាមពលរដ្ឋខ្មែរ យើងមានភាពចាំបាច់ ដើម្បីថ្កោលទោសលើអំពើរបស់ពួកគេ។
ក្នុងសំណេរដដែល លោក ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ជាដំបូង យើងត្រូវតែចង្អុលឱ្យចំមុខតែម្ដង ចំពោះទង្វើរបស់មេដឹកនាំថៃ គ្រប់ឈុត គ្រប់បក្ស ព្រមទាំងភាពព្រងើយកន្តើយរបស់ស្ថាប័នពាក់ព័ន្ធថៃ ជាពិសេសក្រសួងមហាផ្ទៃថៃ អគ្គស្នងការដ្ឋាននគរបាលជាតិថៃ អាជ្ញាធរ រដ្ឋបាលដែនដីថៃ និងអង្គភាពនគរបាលថៃ គ្រប់មូលដ្ឋាន។ ពីព្រោះពួកគេ បានសន្មតថា ជារឿងសាមញ្ញ និងពុំបានចាត់វិធានការអ្វីសោះ ចំពោះសកម្មភាពប្រមាថមេដឹកនាំខ្មែរ ជាចំហម្ដងហើយម្ដងទៀតរបស់ពលរដ្ឋថៃ។ នេះគឺជាភាពអន់ថយនៃប្រព័ន្ធច្បាប់ថៃ។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបន្តទៀតថា ភាពកម្សោយនៃច្បាប់ថៃ និងការព្រងើយកន្តើយមិនអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចថៃ ក៏ជាការបង្ហាញទៅកាន់ពិភពលោកដែរថា ថៃមិនត្រឹមតែមានប្រព័ន្ធដឹកនាំរដ្ឋរញ៉េរញ៉ៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រទេសមួយ ដែលនិយមសាទរចំពោះទង្វើអសីលធម៌ បន្ថែមលើភាពជាប្រទេសមួយ ដែលនិយមយកឥទ្ធិពលនៃភាពមានបានរបស់ខ្លួន ទៅបំពានរដ្ឋក្បែរខាង។ ប្រមុខក្រសួងមហាផ្ទៃ បន្តទៀតដែរថា «បើទោះជាស្រុកថៃ កំពុងរញ៉េរញ៉ៃ ក៏គួរឆ្លៀតឆ្លើយ ហើយបើមិនឆ្លើយ ក៏សូមចេះស្វ័យពិចារណាផងចុះ»៕





































Leave a Reply