ក្រសួងសុខាភិបាល ៖ ការផ្សាយ «ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល» គឺជាព័ត៌មានមិនពិត

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលចំពោះការផ្សាយព័ត៌មានមិនពិតដែល ដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន និងបណ្តាញសង្គមនានា ដោយបានលើកឡើងថា «ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល»។ ចំពោះការផ្សាយនេះ ក្រសួងអះអាងថា គឺជាព័ត៌មានមិនពិតនោះឡើយ។

តាមការពិនិត្យស្រាវជ្រាវជាក់ស្តែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងតាមរយៈការធ្វើកោសល្យវិច័យ បុរសជនជាតិថៃនោះ បានស្លាប់ដោយសារគាំងបេះដូង ដោយមិនបានមកទទួលសេវាព្យាបាល ឬត្រូវបាន បដិសេដដោយមន្ទីរពេទ្យក្នុងស្រុក មុនពេលទទួលមរណភាពឡើយ។

ក្រសួងសុខាភិបាលកម្ពុជា សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការ ផ្សព្វផ្សាយព័ត៌មានមិនពិត អំពីករណីពាក់ព័ន្ធនឹងមរណភាពបុរសជនជាតិថៃ អាយុ ២៤ឆ្នាំ មកពីខេត្ត Nakhon Si Thammarat នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើធ្វើឱ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់អ្នកវិជ្ជាជីវៈសុខាភិបាល កម្ពុជា និងបណ្តាលឱ្យមានការយល់ច្រឡំពីសាធារណជនជាតិ និងអន្តរជាតិ៕