រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយជិត ៣០០លានដុល្លារ សម្រាប់អនុវត្តគម្រោងចំនួន២ នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាផ្តល់ជំនួយដល់កម្ពុជាសម្រាប់អនុវត្តគម្រោង២នៅកម្ពុជា ។ 

ការផ្តល់ជំនួយនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់គម្រោងចំនួន២ ។ ពិធីនេះក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ។

គម្រោង២នោះរួមមាន ៖ ១. ទឹកប្រាក់ចំនួន ១៤៣.៥ លានដុល្លារសម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និង ២.ទឹកប្រាក់ចំនួន ១៥២.៧ លានដុល្លារ សម្រាប់អនុវត្តគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីក្នុង រាជធានីភ្នំពេញ (ដំណាក់កាលទី៣)៕