អភិបាលខេត្តពោធិ៍សាត់ ណែនាំដល់ប្រជានេសាទ រស់នៅបឹងទន្លេសាប រួមគ្នាលុបបំបាត់ក្រុមក្មេងទំនើងបង្ហោះទូក

ពោធិ៍សាត់ ៖ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ណែនាំប្រជានេសាទ ត្រូវប្រើប្រាស់ឧបករណ៍ណាដែលច្បាប់អនុញ្ញាត និងត្រូវចូលរួមទប់ស្កាត់បទល្មើសនេសាទទ្រង់ទ្រាយធំ លុបបំបាត់ក្រុមក្មេងទំនើងបង្ហោះទូក ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ មានការយោគយល់អធ្យាស្រ័យគ្នា ពិសេសចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានទាំងអស់គ្នា។

ការណែនាំរបស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ មកចែកជូនដល់បងប្អូនប្រជានេសាទ នៃសហគមន៍នេសាទស្រីចឹក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំនួន១០០គ្រួសារ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងអំឡុងពេលបិទនេសាទ និងក្នុងអំឡុងរដូវវស្សា មានភ្លៀងធ្លាក់ជាប់ៗគ្នា ធ្វើឱ្យខកខានចេញទៅនេសាទ។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា បងប្អូន ប្រជានេសាទ សូមកុំពឹងផ្នែកទាំងស្រុង ទៅលើអាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច គឺមានតែបងប្អូនប្រជានេសាទនេះហើយ ត្រូវចូលរួមសហការ ថែរក្សា និងការពារនៅថ្នាក់មូលដ្ឋាន ទើបអាចកាត់បន្ថយបានបទល្មើស និងធ្វើឱ្យទិន្នផលត្រីយើង កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ 

លោក អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទ គប្បីប្រុងប្រយត្ន័ចំពោះកូនតូចៗ ត្រូវបន្តថែរក្សាសុខុមាលភាព ដោយត្រូវហូបស្អាត ផឹកស្អាត និងរស់នៅស្អាត បើមានករណីអ្វីកើតឡើង ត្រូវជូនដំណឹងមកអាជ្ញាធរដែនដី ដើម្បីឱ្យក្រុមការងារជួយអន្តរាគមន៍ និងឆ្លើយតបបានទាន់ពេលវេលា។ ជាមួយគ្នានោះ ត្រូវជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ ដើម្បីវិលមករកប្រក្រតីភាពឡើងវិញ ក្នុងពេលឆាប់ៗ៕