
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា គិតត្រឹម ៨ខែ ដើមឆ្នាំ២០២៥នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៤លាននាក់ ស្របពេលទេសចរជាតិចំនួន ១៧,២៨លាននាក់ កើនឡើងជិត ៥៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤។

តាមរយៈសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» សម្ដេច បានឲ្យដឹងថា ជាមួយនឹងការបន្តថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមល្អប្រសើរ កម្ពុជាបន្តជាគោលដៅទេសចរណ៍ដែលមាន សុវត្ថិភាព ផ្តល់ឱកាសវិនិយោគ និងពាណិជ្ជកម្មដ៏គួរឱ្យទាក់ទាញមួយក្នុងតំបន់អាស៊ី ជាពិសេសបានធ្វើឱ្យ វិស័យទេសចរណ៍ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងរយៈពេល៣០ឆ្នាំ ចុងក្រោយនេះ។

សម្ដេចធិបតី បន្ដថា ជាក់ស្តែងក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជា ទទួលបានទេសចរអន្តរជាតិចំនួន ៦,៧លាននាក់ កើនឡើង ២២,៩% ទេសចរជាតិមានចំនួន ២២,៥២លាននាក់ កើនឡើង ២០,១% ធៀបជាមួយរយៈពេលដូចគ្នា ឆ្នាំ២០២៣ ចំណូលពីទេសចរណ៍អន្តរជាតិមានចំនួន ៣.៦៣៧លានដុល្លារអាម៉េរិក ដោយរួមចំណែកក្នុង ផលិតផលក្នុងស្រុកសរុបប្រមាណ ៩,៤% ជាមួយនឹងការបង្កើតមុខរបរប្រមាណ ៥១ម៉ឺននាក់។

សម្ដេចធិបតី គូសបញ្ជាក់ថា «គិតត្រឹម ៨ខែ ដើមឆ្នាំ២០២៥នេះ ទេសចរអន្តរជាតិ មានប្រមាណជាង ៤លាននាក់ ស្របពេលដែលទេសចរជាតិ មានចំនួន ១៧,២៨លាននាក់ កើនឡើងជិត៥៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤។ ក្នុងន័យនេះ ខ្ញុំនៅតែមាន សុទិដ្ឋិនិយមថា វិស័យទេសចរណ៍បន្តជាវិស័យអាទិភាពសេដ្ឋកិច្ចមួយដ៏សំខាន់ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់និងដោយប្រយោល ការជំរុញការនាំចេញនៅនឹងកន្លែងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ការបង្កើនចំណូលជាតិ ការចូលរួមដល់ការអភិរក្សវប្បធម៌ និងការថែរក្សា ការពារបរិស្ថាន ធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់»៕











































Leave a Reply