កម្ពុជា-ចិន ពិភាក្សាប្រធានបទសំខាន់ៗ ដើម្បីជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តគម្រោងផែនការនានា ស្ថិតក្រោមក្របខណ្ឌនៃ MOU រវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ កម្ពុជា-ចិន បានពិភាក្សាលើប្រធានបទសំខាន់ៗ ក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យាជាដើម។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន, និងជារដ្ឋមន្ត្រីការបរទេសចិន។

កិច្ចប្រជុំនាឱកាសនេះ បានពិភាក្សាលើប្រធានបទសំខាន់ៗ ក្នុងការជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ និងការអនុវត្តគម្រោងផែនការនានាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម សុខាភិបាល វប្បធម៍ និងបច្ចេកវិទ្យាជាដើម ដែលស្ថិតក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន។

គម្រោងគួរឱ្យកត់សម្គាល់ដែលបានលើកយកមកពិភាក្សាមានដូចជា គម្រោងព្រែកជីកហ្វូណនតេជោ, គម្រោងកែលំអផ្លូវជាតិលេខ៣ តភ្ជាប់កំពត-វាលរេញ, គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៧ រមាត-ត្រពាំងគ្រៀល, គម្រោងទំនើបកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តព្រះសីហនុ, គម្រោងពង្រីកការនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, និងគម្រោងច្រករបៀងត្រី និងអង្ករ ជាដើម។

លោកឧបនាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះប្រទេសចិនដែលទទួលបានភាពជោគជ័យលើការរៀបចំកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក និងពិធីរំលឹកខួបលើកទី៨០ នៃជ័យជម្នះរបស់ប្រជាជនចិនតស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោកនាពេលថ្មីៗនេះ។ 

ជាមួយគ្នានេះដែរ ភាគីមិត្ត បានវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលរួមចំណែកដល់ការពង្រឹងមិត្តភាពដែកថែបឱ្យកាន់តែកក់ក្តៅ សំដៅបង្កើតសហគមន៍វាសនារួមនិងផលប្រយោជន៍ទៅវិញទៅមក។

តាមរយៈកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតឈប់ឈររបស់ ប្រទេសចិនក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា៕