សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រជាជនគ្រប់រូបមានកាតព្វកិច្ចដូចៗគ្នា ក្នុងការលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ប្រជាជនគ្រប់រូប មានភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិទាំងអស់ និងមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយ ថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេររបស់កម្ពុជា សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន។

សារលិខិត ក្នុងឱកាសខួប ២ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិ និងអន្តរជាតិ ដៃគូអន្តរជាតិ និងឥស្សរជនទាំងឡាយ បានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាព ប៉ិនប្រសប់និងវិជ្ជាជីវៈខ្ពស់ ពុះពារជម្នះគ្រប់ការលំបាករហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងរយៈពេល ២ឆ្នាំ កន្លងទៅ មានជាអាទិ៍ការអភិរក្ស និងជួសជុលប្រាសាទបល្ល័ង្កជើង ប្រាសាទប្រាំ ប្រាសាទក្រហម ប្រាសាទគោកគ្រង និងការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យាសំខាន់ៗជាច្រើនទៀត ដើម្បីយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏អស្ចារ្យ នាសម័យនោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែតបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវសហការបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និង សត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក៕