ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ៖ ការប្រើប្រាស់ AI ដើម្បីជួយពន្លឿនការងារ ប៉ុន្តែកុំជឿទាំងស្រុង ត្រូវចេះវិនិច្ឆ័យ និងប្រុងប្រយ័ត្ន

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ការប្រើប្រាស់ AI ដើម្បីជួយពន្លឿន បង្កើនផលិតភាព ប្រសិទ្ធភាព គុណភាពការងារ ប៉ុន្តែកុំជឿទាំងស្រុង និងត្រូវចេះវិនិច្ឆ័យ និងមានការប្រុងប្រយ័ត្នពីបញ្ហាសន្តិសុខ នៃការប្រើប្រាស់។

នាឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត (AI)» នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា សិក្ខាសាលានេះគឺជាការចាប់ផ្តើមនៃការបណ្តុះបណ្តាលនៅទីស្តីការគណៈរដ្ឋមន្រ្តីពាក់ព័ន្ធនឹង AI ហើយនឹងមានការរៀបចំបន្តទៀត តាមផ្នែក តាមមុខងារ និងភាពចាំបាច់នៃការងាររបស់អង្គភាព ដើម្បីឱ្យថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រីយល់ច្បាស់ពីមូលដ្ឋានគ្រឹះនៃ AI ការប្រើប្រាស់ ហានិភ័យនិងបញ្ហាប្រឈម។ 

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងថា «AI នឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនិងការងារ ដែលគួរចាត់ទុកជាឧបករណ៍បំពេញបន្ថែម ប៉ុន្តែមិនជំនួសការងាររបស់មនុស្សទាំងស្រុងនោះទេ។ ដូច្នេះដើម្បីធានានូវប្រសិទ្ធភាព និងផលប្រយោជន៍, ថ្នាក់ដឹកនាំ អង្គភាព និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ គុណតម្លៃ និងក្រមសីលធម៌»។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្ដថា «យើងត្រូវប្រើប្រាស់ AI ដើម្បីរត់ទាន់គេ ដែលជួយពន្លឿន បង្កើនផលិតភាព ប្រសិទ្ធភាព គុណភាពការងារ ដោយកុំខ្លាច ប៉ុន្តែកុំជឿទាំងស្រុង និងត្រូវចេះវិនិច្ឆ័យ និងមានការប្រុងប្រយ័ត្នពីបញ្ហាសន្តិសុខនៃការប្រើប្រាស់»។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជំរុញនិងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើស្វ័យសិក្សានិងស្វែងយល់បន្ថែមពី AI ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ សិក្សាពេញមួយជីវិត (Life-long learning) ដើម្បីពង្រឹងនិងពង្រីកសមត្ថភាព បង្កើនផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ៕