ឯកឧត្តម ស៊ុន ចាន់ថុល ៖ ក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រវាងកម្ពុជា-ចិន បានកំពុងនាំឱ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំងក្លាបន្ថែមទៀត

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “ពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម”(CIFIT) ដែលរៀបចំឡើងនៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងនោះឯកឧត្តមបានថ្លែងការចូលរួមអបអរសាទរ និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើង សម្រាប់លើក កម្ពស់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជំរុញចក្ខុវិស័យនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃកិច្ចការងារវិនិយោគរបស់កម្ពុជា ដែលសម្រេចបានកាលពីឆ្នាំ ២០២៤ អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ៤១៤ គម្រោង ដែលមានទុនប្រមាណ ៦,៩ ពាន់លានដុល្លារ កើនឡើង ៤០% បើធៀបនឹងឆ្នាំ២០២៣។ ចំណែកក្នុងរយៈពេល ៨ ខែដំបូង ឆ្នាំ២០២៥នេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤៩១ គម្រោង មានទុន ៧,២ ពាន់លានដុល្លារ នឹងរំពឹងថា ចំនួនគម្រោងវិនិយោគនៅឆ្នាំ២០២៥នេះ នឹងកើនឡើងជាបន្តបន្ទាប់បន្ថែមទៀត ដែលអាចបង្កើតការងារបានជាង ៤០ ម៉ឺនកន្លែងជូនប្រជាពលរដ្ឋ។ 

ដោយឡែកការនាំចេញវិញ, កម្ពុជាបាននាំចេញទៅក្នុងទីផ្សារតំបន់ និងពិភពលោក បានបន្តកើនឡើង, ពោលនៅឆ្នាំ២០២៤ ការនាំចេញពីកម្ពុជាឈានដល់ ២៦,៦ ពាន់លានដុល្លារ កើនឡើង១៣,៦% បើធៀបនឹងឆ្នាំ២០២៣, តួលេខទាំងនេះបានបង្ហាញអំពីភាពធន់ និងបរិយាកាសស្វាគមន៍របស់កម្ពុជាទៅកាន់វិនិយោគិន។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានជម្រាបជូនបន្ថែម អំពីវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងផ្លូវគោក កំពង់ផែ អាកាសយានដ្ឋាន និងប្រព័ន្ធឌីជីថលជាដើម ដែលចិនគឺជាដៃគូដ៏សំខាន់ បានចូលរួមវិនិយោគលើគម្រោងជាច្រើន។ គម្រោងទាំង នោះមានអាទិ៍ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, និងតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ ដែលជាគម្រោងបានចូលរួមបង្កើតការងារ និងធ្វើសមាហរណកម្មតំបន់កាន់តែស៊ីជម្រៅ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានយកឱកាសនេះ ដើម្បីជម្រាបជូនអំពីការបើកឱ្យដំណើរការជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ផងដែរ ដែលនឹងចូលរួមពង្រឹងតួនាទីរបស់កម្ពុជាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគក្នុងអាស៊ាន៕