សម្ដេចតេជោ ហ៊ុន សែន ៖ ភាពជាដៃគូដ៏រឹងមាំរវាង កម្ពុជា-ហ្វីលីពីន នឹងបន្តរីកចម្រើនជាលំដាប់ ទោះបីពិភពលោក មានការប្រែប្រួលយ៉ាងឆាប់រហ័សក៏ដោយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា មានប្រសាសន៍ថា ភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏យូរអង្វែងរវាង កម្ពុជា-ហ្វីលីពីន នឹងបន្តរីកចម្រើនជាលំដាប់ ទោះបីជាសភាពការណ៍តំបន់ និងពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មានក៏ដោយ។  

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីលៀងសាយភោជន៍ផ្លូវរដ្ឋជូន លោក FERDINAND ROMUALDEZ MARCOS Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងលោកស្រី Louise Araneta-Marcos  ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ 

សម្ដេចតេជោ ពិតជាមានសេចក្តីរីករាយ បានផ្លាស់ប្តូរទស្សនៈត្រង់ទៅត្រង់មកជាមួយ លោកប្រធានាធិបតី លើកិច្ចការដែលជាការយកចិត្តទុកដាក់រួម ដូចជា  ការបំពេញបន្ថែមឱ្យគ្នាលើវិស័យសេដ្ឋកិច្ច  ការពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យនានា  ការផ្លាស់ប្តូរគ្រប់កម្រិត និងគ្រប់វិស័យក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរដល់កម្រិតថ្មីមួយទៀត។ 

សម្ដេចតេជោ មានប្រសាសន៍ថា «កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងសកម្ម នូវតួនាទីហ្វីលីពីនជាប្រធានអាស៊ានឆ្នាំ ២០២៦ ដើម្បីរួមគ្នាកសាងសហគមន៍អាស៊ានដ៏រឹងមាំ មានភាពធន់  និងប្រកបដោយបរិយាប័ន្ន  និងមានប្រជាជន ជាស្នូល។ ភាពជាដៃគូដ៏រឹងមាំ និងទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសយើងទាំងពីរនឹងបន្តរីកចម្រើនជាលំដាប់ ទោះបីជាសភាពការណ៍តំបន់ និងពិភពលោកមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មានយ៉ាងណាក៏ដោយ»។  

លោក ប្រធានាធិបតី Marcos Jr. បានជឿជាក់ថា នៅក្នុងឆ្នាំខាងមុខនេះ ចំណងមិត្តភាពរវាងប្រជាជនហ្វីលីពីន និងកម្ពុជានឹងកាន់តែរឹងមាំថែមទៀត ដែលមិត្តភាពនេះត្រូវបានថែទាំពូនជ្រំតាមរយៈអន្តរកម្មប្រកបដោយសុខដុមរមនា និងកិច្ចសហការ៕