
ព្រៃវែង ៖ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពី ការកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបាភ្នំ និងបូកសរុបលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក ពិធីនេះប្រារព្ធធ្វើឡើង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏អង់អាច របស់គណៈកម្មាធិការគណបក្សឃុំទាំង ៩ នៃស្រុកបាភ្នំ។ ឯកឧត្តមបណ្ឌិត ថា «បងប្អូនបានបំពេញភារកិច្ចយ៉ាងសកម្មនៅជួរមុខ ដោយបានចុះដល់មូលដ្ឋានផ្ទាល់ ដើម្បីស្តាប់នូវសំណើ និងដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ ការលះបង់របស់បងប្អូនបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបម្រើប្រជាជន និងពង្រឹងជំនឿទុកចិត្តរបស់សាធារណជនមកលើគណបក្សប្រជាជនកម្ពុជា»។

ឯកឧត្តមបណ្ឌិត ប្រធានក្រុមការងារ បន្ដថា ការប្រកាសសមាសភាពក្រុមការងារនៅពេលនេះ គឺដើម្បីបន្តពង្រឹងរចនាសម្ព័ន្ធ និងប្រសិទ្ធភាពការងាររបស់យើងឲ្យកាន់តែរឹងមាំថែមទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ប្រធានក្រុមការងារ ក៏បានសង្ឃឹមយ៉ាងមុតមាំថា ទាំងសមាសភាពចាស់ និងថ្មីទាំងអស់នឹងបន្តរួមសហការគ្នាយ៉ាងស្អិតរមួត ដើម្បីសម្រេចបាននូវគោលដៅរួមរបស់គណបក្ស គឺបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនឥតឈប់ឈរ៕
























Leave a Reply