ប្រមុខក្រសួងមហាផ្ទៃ ជំរុញដល់សិស្សនគរបាល ជាប់ទៅសិក្សានៅតួកគី ខិតខំរៀនសូត្រ គោរពវិន័យ និងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់ជាតិ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញដល់សិស្សនគរបាលមួយក្រុម ដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី ខិតខំរៀនសូត្រ គោរពវិន័យ អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់ជាតិនិងប្រជាជន ស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ ខិតខំសម្របសម្រួល ដើម្បីផ្ដល់ឱកាសសិក្សារៀនសូត្រនៅប្រទេសតួកគី ដែលនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា។

ការថ្លែងជំរុញនិងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយគ្រូ និងនិស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។

បើតាម លោកឧបនាយករដ្ឋមន្ត្រី មាននគរបាល ជាពិសេសនគរបាលបន្តវេន ច្រើននាក់ណាស់ ដែលចង់បានឱកាសទៅសិក្សានៅក្រៅប្រទេស ប៉ុន្តែក្នុងចំណោមនោះមានតែសិស្សជ័យលាភី ដែលមានលក្ខណៈសម្បត្តិសមស្របដូចសិស្សនគរបាលនាជំនួបនេះតែប៉ុណ្ណោះ ដែលអាចទទួលបានឱកាសទៅសិក្សាស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសសម័យដែលផ្ដល់អាហារូបករណ៍។ ដូច្នេះ លោក សង្ឃឹមថា សិស្សអាហារូបករណ៍ នឹងមិនធ្វើឱ្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ខកបំណងឡើយ។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានផ្ដល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តដល់និស្សិតនគរបាលទាំងអស់ ត្រូវខិតខំក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងដកស្រង់បទពិសោធឱ្យបានច្រើន ដើម្បីចូលរួមរែកពន់ការងាររបស់កងកម្លាំងនគរបាលជាតិ។

បើតាមរបាយការណ៍ នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងឆ្នាំ សិក្សា២០២៤-២០២៥ សាធារណរដ្ឋតួកគី បានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ៨កន្លែង (ជំនាន់ទី១) ក្នុងនោះមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤កន្លែង សិក្សារយៈពេល ២ឆ្នាំ និងថ្នាក់បរិញ្ញាបត្រ ចំនួន ៤កន្លែង សិក្សារយៈពេល ៥ឆ្នាំ នៅមហាវិទ្យាល័យសន្តិសុខមាតុភូមិ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់ដឹកនាំនគរបាល នៃបណ្ឌិត្យសភានគរបាលជាតិតួកគី៕