នាយឧត្តមសេនីយ៍ ស ថេត បញ្ជាទៅមន្រ្តីក្រោមឱវាទទាំងអស់ បន្តចាត់វិធានការបិទវេបសាយទាក់ទងទៅនឹងលេងល្បែងអនឡាញ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បញ្ជាទៅដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ជាបន្ទាន់មិនត្រូវឲ្យកើតមានភាពថ្លោះធ្លោយជាដាច់ខាត ជាពិសេសត្រូវបង្កើតកម្លាំងជំនាញស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ពិសេសនាយកដ្ឋាន-អង្គភាពជំនាញត្រូវបន្តចាត់វិធានការបច្ចេកទេសដើម្បីបិទវេបសាយទាក់ទងទៅនឹងការផ្សព្វផ្សាយ ក៏ដូចជាការលេងល្បែងអនឡាញនៅកម្ពុជា។

នាយឧត្តមសេនីយ៍ ស ថេត បន្ដថា ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវរួមសហការគ្នាបង្កើតក្រុមការងារកម្រិតស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការ ត្រួតពិនិត្យ ស្រាវជ្រាវ និងបង្រ្កាបក្រុមប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឱ្យអស់នៅទូទាំងប្រទេស ដោយមិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមទាំងអស់នេះត្រឡប់មកប្រព្រឹត្តិបទល្មើសនេះវិញជាដាច់ខាត។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៦ខែ ឆមាសទី១ ឆ្នាំ២០២៥នេះ សមត្ថកិច្ចពាក់ព័ន្ធបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន ១៨លើក នៅរាជធានី-ខេត្តចំនួន១០ ដោយឃាត់ខ្លួនមនុស្ស ២.៤១៨នាក់ ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៧៣នាក់ និងបណ្ដេញចេញ ២.៣២២នាក់ ដែលមានអ្នកប្រព្រឹត្តិបទស្មើសជាជនជាតិខ្មែរ ,ចិន ,ថៃ ,មីយ៉ាន់ម៉ា ,វៀតណាម , ឡាវ, ឥណ្ឌា ,ប៉ាឡេស្ទីន , ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម៕