
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ កម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលជាផ្លូវការ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ខណៈក្របខណ្ឌយុទ្ធសាស្ត្រនេះ នឹងឈានទៅគាំទ្រដល់សេដ្ឋកិច្ចទីផ្សារដែលរស់រវើក ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចទាំងមូល។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា កម្ពុជាត្រូវការប្រព័ន្ធច្បាប់មួយដែលផ្អែកលើនីតិរដ្ឋ ដើម្បីការពារឯករាជ្យ បូរណភាពទឹកដី ភាពជាម្ចាស់ ការពារសិទ្ធិមនុស្ស និងកម្មសិទ្ធិឯកជន យុត្តិធម៌សង្គម ព្រមទាំងគាំទ្រដល់សេដ្ឋកិច្ចទីផ្សារដែលរស់រវើក ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចទាំងមូល។

សម្តេចធិបតី បានសង្កត់ធ្ងន់ថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវបំពេញតួនាទីយ៉ាងសំខាន់ជាយន្តការដឹកនាំសម្របសម្រួល និងជំរុញអនុវត្តការងារកែទម្រង់ច្បាប់ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខគតិយុត្ត ព្រមទាំងគុណភាពនិងប្រសិទ្ធភាពច្បាប់។

ជាមួយគ្នានេះ សម្តេចថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវបំពេញតួនាទីក្នុងការដឹកនាំ ការសម្របសម្រួល គាំទ្រ និងពង្រឹងមុខងារនីតិកម្មនៃក្រសួង ស្ថាប័ន របស់ រាជរដ្ឋាភិបាល ជាមួយនឹងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងបុព្វហេតុនៃការកសាងអត្តសញ្ញណ នៃប្រព័ន្ធច្បាប់កម្ពុជា ការពង្រឹងនិងពង្រីកគុណភាព ប្រសិទ្ធភាពនៃវប្បធម៌នីតិរដ្ឋរបស់កម្ពុជា និងមានវិសាលភាពគ្របដណ្តប់លើការកសាងប្រព័ន្ធច្បាប់កម្ពុជាទាំងមូលនៅលើមាគ៌ានៃការពង្រឹងអភិបាលកិច្ច និងធានាចីរភាពនៃវប្បធម៌នីតិរដ្ឋ ស្របតាមឧត្តមានុវត្តន៍អន្តរជាតិផង និងបរិការណ៍ប្រវត្តិសាស្ត្រកម្ពុជាផង។

សម្តេចធិបតី ថែមទាំងបានគូសរំលេចទៀតថា ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបរៀងដោយយកចិត្តទុកដាក់ និងពិគ្រោះយោបល់គ្រប់ជ្រុងជ្រោយជាមួយគ្រប់ភាគីពាក់ព័ន្ធ ដោយគណៈកម្មាធិការដឹកនាំ ការកែទម្រង់ច្បាប់ គឺជាមគ្គុទេសក៍បង្ហាញផ្លូវដំបូង ក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តការងារទាក់ទងនឹងការកែទម្រង់ច្បាប់ ដោយគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ សំដៅកែទម្រង់ច្បាប់កម្ពុជាឱ្យ ទៅជាប្រព័ន្ធច្បាប់មួយដែលមានឯកភាព ប្រសិទ្ធភាព សមានគតិភាព ឧត្តមានុភាពគតិយុត្ត និងសន្តិសុខ គតិយុត្ត ស្របតាមឧត្តមានុវត្តន៍អន្តរជាតិនិងបរិការណ៍កម្ពុជា៕





































Leave a Reply