
នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា កុក អាន បានលើកឡើងថា ខ្លួនហ៊ានបបួលថៃ ប្ដឹងទៅតុលាការអន្តរជាតិដើម្បីរកខុសត្រូវ ដោយកុំយកតុលាការប្រទេសនីមួយៗ មកសម្អាងអី គឺត្រូវយកតុលាការអន្តរជាតិតែម្ដង ជៀសវាងការលម្អៀង ករណីប្រឌិតចោទលោកថា បានប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន និងបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញខុសច្បាប់។

អ្នកឧកញ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា ៖ “អ្នកចង់យកអី យកចុះ រឹបយកអី យកចុះ កុំថា ឡើយប្រាក់ដល់ ២៧លានបាតសូម្បីតែប្រាក់ ៥០ដុល្លារ ក៏លោកគ្មាននៅក្នុងប្រទេសថៃនោះដែរ។ រីឯផ្ទះ ដែលសមត្ថកិច្ចថៃ ថតយកមកផ្សព្វផ្សាយនោះក៏លោកមិនដឹងថា ជាផ្ទះរបស់អ្នកណានោះដែរ គឺលោកគ្មានផ្ទះនៅទីនោះទេ” ។
បើតាមអ្នកកឧកញ៉ា កុក អាន អះអាងទៀតថា ភាគីថៃ បានប្រឌិតរឿងស្មោគគ្រោគ ដើម្បីទំលាក់ទំហុសមកលើប្រទេសកម្ពុជា ។ លោកបន្តថា លោកគឺជាជនជាតិខ្មែរ រស់នៅលើទឹកដីប្រទេសខ្មែរ ចង់អភិវឌ្ឍន៍ទឹកដីប្រទេសកម្ពុជាពោលគឺមិនដូចជាទាហានថៃ ជនជាតិថៃ ឬរដ្ឋាភិបាលដែលជ្រុលនិយម មានមហិច្ឆតា ទុច្ចរិត ចង់ឈ្លានពានយកទឹកដីប្រទេសកម្ពុជា នោះទេ។

សូមបញ្ជាក់ថា កាសែតថៃ បានចុះផ្សាយ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ថា អ្នកឧញ៉ា កុក អាន សមាជិកព្រឹទ្ធសភាកម្ពុជា ត្រូវតុលាការថៃចេញដីកាចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរថៃ រកឃើញថា ជំនួញជាច្រើនរបស់អ្នកឧញ៉ា ជាប់ពាក់ព័ន្ធនឹងក្រុមបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មលាងលុយកខ្វក់៕





































Leave a Reply