សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា កម្ពុជា គ្មានផែនការលុបចោលការប្រឡងបាក់ឌុប

កំពង់ស្ពឺ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជា គ្មានផែនការ ក្នុងការដកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចោលនោះទេ ខណៈបណ្ដាប្រទេសមួយចំនួនលើពិភពលោក មិនមានការប្រឡង បាក់ឌុប ឡើយ។

ការប្រកាសរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។

សម្ដេចធិបតី មានប្រសាសន៍ថា «មានអ្នកខ្លះរហូតគិតថា បាក់ឌុប មិនចាំបាច់ប្រឡងទេ។ ខ្ញុំ ថា ការប្រឡងបាក់ឌុបនេះ ប្រទេសខ្លះអត់មានទេ ប្រឡងបាក់ឌុប ដូចនៅអាមេរិក អត់មានទេប្រឡងបាក់ឌុប គេយកតែពន្ទុឆមាស ប្រចាំឆ្នាំ គឺឱ្យជាប់។ ប៉ុន្ដែនៅសម្រាប់កម្ពុជា ប្រឡងមួយៗ គឺជាការធ្វើតេស្ដ ដើម្បីកំណត់និយាម ហើយវ៉ៃតម្លៃ បូករួមជាមួយ»។

បើតាម សម្ដេចធិបតី នៅពេលណា កម្ពុជា ធានាបានថា ការអប់រំ តាំងពីថ្នាក់បឋម រហូតដល់ថ្នាក់ទី១២ ធានានូវគុណភាពមួយដែលថា «មិនបាច់ប្រឡង ក៏យើងធានាបាន ពេលនឹងចាំយើងយាយគ្នា»។ ប៉ុន្ដែបើគុណភាពការសិក្សានៅមានកម្រិត កម្ពុជានៅមានប្រឡងដដែល។

សម្ដេចធិបតី បន្ថែមថា ការប្រឡងបាក់ឌុបនេះដែរ គឺដើម្បីជំរុញឱ្យសិស្សានុសិស្ស ខិតខំរៀនសូត្រ។

សម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍ទៀតថា «យើងអត់មានផែនការ ក្នុងការដកបាក់ឌុបចេញទេ ប្រឡងនេះ ដើម្បីធ្វើការឆែក ហើយដើម្បីជំរុញសិស្ស ឱ្យខំប្រឹងរៀន»៕