
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនៃជំនួប, លោកស្រី បានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះភាពខ្លាំង និងសក្ដានុពលរបស់កម្ពុជា ទោះបីជានៅក្នុងបរិបទដែលពិភពលោកមានភាពមិនប្រាកដប្រជា កម្ពុជានៅតែរក្សាបាននូវសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលត្រូវបានកសាងឡើងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។ ការណ៍នេះបានធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសដែលមានការវិវឌ្ឍទៅមុខប្រកបដោយថាមពល។ ជាក់ស្ដែង, ក្នុងអំឡុងវិបត្តិកូវីដ-១៩, កម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយ ដែលសម្រេចបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។

បន្ថែមលើសពីនេះ, លោកស្រី បានអះអាងថា «ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើការគាំទ្រនានា និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះ ដូចជា៖ អប់រំ, សុខាភិបាល និងកសិកម្ម»។ លោកស្រី បានបន្តទៀតថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាគួរពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋាភិបាល ក៏ដូចជាពង្រឹងសមត្ថភាពវិស័យសក្ដានុពល រួមមាន៖ ថាមពល, កសិកម្ម, កសិ-ឧស្សាហកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីដែលមានស្រាប់។

ជាការឆ្លើយតប, សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ធនាគារពិភពលោកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតី បានលើកឡើងអំពីចក្ខុវិស័យ និងគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅធានាការអភិវឌ្ឍប្រកបដោយភាពធន់ និង ចីរភាព។ សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីការផ្ដោតអាទិភាពលើការកសាងមូលធនមនុស្ស តាមរយៈការពង្រឹងការអប់រំចាប់ពីបឋមសិក្សា ដល់មធ្យមសិក្សា និងការដាក់ចេញកម្មវិធីតម្រង់ទិសជ្រើសរើសជំនាញ៕







































Leave a Reply