ទីស្ដីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលពាក់ព័ន្ធ និងបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលហ្វីលីពីន ប្រទេសទាំងពីរ នឹងសម្រេចបានលទ្ធផលការងារថ្មីៗបន្ថែមទៀតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

ក្នុងឱកាសជំនួបនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណលោកជំទាវឯកអគ្គរដ្ឋទូត ចំពោះការយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ហ្វីលីពីន៕





Leave a Reply