រដ្ឋបាលខេត្តតាកែវ ប្រកាសថ្កោលទោសម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ក្រោយចាក់ថ្នាំប្រតិកម្មបណ្ដាលឱ្យស្រ្តីម្នាក់ស្លាប់

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានករណីមរណភាពស្ត្រីឈ្មោះ ណាំ ចន្ទូ រស់នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ រដ្ឋបាលខេត្ត បានចាត់មន្ទីរសុខាភិបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និង រដ្ឋបាលស្រុកបាទី ដើម្បីចាត់តាំងមន្ត្រីជំនាញពាក់ព័ន្ធដើម្បីចុះ ពិនិត្យស្រាវជ្រាវ និងចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់។

ពាក់ព័ន្ធករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ បានបិទគ្លីនិកឈ្មោះ សុងហាក់ ម៉ារីណា ដោយ មិនឱ្យធ្វើអាជីវកម្ម និងសកម្មភាពជាបន្តឡើយ។ ទន្ទឹមនេះ សមត្ថកិច្ចជំនាញក៏បានឃាត់ខ្លួនម្ចាស់គ្លីនិកទាំងពីរ នាក់ប្តី ប្រពន្ធ ដើម្បីយកមកសួរនាំ និង អនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ ណាំ ចន្ទូ អាយុ៤១ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ត្រូវបានម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្លាប់កាលពីល្ងាចថ្ងៃទី១៨វិឆ្ឆិកា រួចយកសព និងក្មួយស្រីអាយុ៣ខួបទៅផ្លុងចោលនៅចំណុចគុម្ភសង្កែក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅខាងកើត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រហូតដល់ព្រឹកថ្ងៃទី១៩វិច្ឆិកា ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ។ តាមការពិនិត្យកោសល្យវិច័យរបស់មន្ត្រីជំនាញលើសពបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារប្រតិកម្មនឹងការចាក់ថ្នាំ៕