ខេត្តតាកែវ ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សពស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញគេយកមកប្លុងចោលនៅគុម្ពោតព្រៃបង្ករឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងស្ថិតក្នុងភូមិម្រះព្រៅខាងកើត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

តាមក្រុមគ្រួសារសពបានឲ្យដឹងថា សពស្ដ្រីរងគ្រោះមានឈ្មោះ ណាំ ចន្ធូ និងកូនស្រីតូចអាយុ៣ឆ្នាំ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ម្សិលមិញនេះ បានជិះម៉ូតូចេញពីផ្ទះទៅគ្លីនិកមួយកន្លែង ដើម្បីចាក់ថ្នាំ ប៉ុន្ដែមិនឃើញត្រឡប់មកផ្ទះវិញឡើយ។ ក្រោយមកក្រុមគ្រួសារបាននាំគ្នាដើររកជាច្រើនកន្លែង ក៏ប្រទះឃើញម៉ូតូ និងកូនស្រីតូចនៅតាមផ្លូវលំមួយកន្លែង តែមិនឃើញស្ដ្រីជាម្ដាយនៅឡើយ។

លុះព្រឹកឡើងប្រជាពលរដ្ឋក៏ប្រទះឃើញសពស្ត្រីរងគ្រោះខាងលើនៅគុម្ពោតព្រៃខាងលិចភូមិម្រះព្រៅខាងកើតក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ច។ ករណីនេះ លោកឧត្តមសេនីយ៍ត្រី ហ៉ិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តតាកែវ បានខ្សឹបប្រាប់សារព័ត៌មានរាជសីហ៍ថា ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា ស្ដ្រីរងគ្រោះស្លាប់ដោយសារប្រតិកម្មថ្នាំពេទ្យ។

ក្រោយពីសមត្ថកិច្ចធ្វើការស៊ើបសួរបានដឹងថា គ្លីនិកដែលចាក់ថ្នាំបណ្ដាលឲ្យស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតនេះមានឈ្មោះ មន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់ ម៉ារីណាសុខា ឆៃរ៉ា នៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។

ភ្លាមៗនោះសមត្ថកិច្ចបាននាំខ្លួនស្រ្តីឈ្មោះ ស៊ុន ម៉ារីណា អាយុ៣៩ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិតប្រកបវិជ្ជាជីវៈព្យាបាលអ្នកជំងឺ ជាម្ចាស់គ្លីនិកឯកជនមួយនេះទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។

Leave a Reply