លោក ហ៊ុន ម៉ានី ៖ ការជួបជុំគ្នាក្នុងព្រឹត្តិការណ៍ ការធ្វើដំណើរថ្មើរជើង មិនមែនជាការបង្ហាញកម្លាំង ឬគំរាមកំហែងទៅនរណានោះទេ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការជួបជុំគ្នាក្នុងព្រឹត្តិការណ៍ ការធ្វើដំណើរថ្មើរជើង «Solidarity March» នៅថ្ងៃនេះ មិនមែនជាការបង្ហាញកម្លាំង ឬក៏ការគំរាមកំហែងទៅនរណានោះទេ ខណៈកម្ពុជាថែរក្សាភាពចាស់ទុំ ដោះស្រាយដោយសន្ដិវិធី។

ការលើកឡើងរបស់ លោក ហ៊ុន ម៉ានី ក្នុងព្រឹត្តិការណ៍ ការធ្វើដំណើរថ្មើរជើង «Solidarity March »បង្ហាញក្តីស្រលាញ់សម្រាប់កម្ពុជា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

លោក ហ៊ុន ម៉ានី បន្ដថា ការជួបជុំថ្ងៃនេះ ក្នុងនាមមហាគ្រួសារខ្មែរបង្ហាញមនោសញ្ចេតនាជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពជួរមុខ។

លោក ហ៊ុន ម៉ានី គូសបញ្ជាក់ថា «ការជួបជុំគ្នារបស់យើងនៅក្នុងថ្ងៃនេះ មិនមែនជាការជួបជុំគ្នា ដើម្បីបង្ហាញកម្លាំង ឬការគំរាមកំហែងទៅនរណានោះទេ។ កម្ពុជា រក្សាភាពចាស់ទុំ ដោះស្រាយបញ្ហាដោយសន្តិវិធី ដូច សម្ដេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើង។ ចឹងការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះ ក៏ជាលក្ខណៈមហាគ្រួសារខ្មែរ»។

សហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តួចផ្តើមគំនិតរៀបចំ កម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដែលកម្មវិធីនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ។

សូមជម្រាបថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ បានចូលរួមធ្វើដំណើរថ្មើរជើងសាមគ្គី “Solidarity March” ក្នុងន័យបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាលនិងកងកម្លាំងជួរមុខ។ ការជួបជុំនេះបង្ហាញពីឈាមជ័រជាខ្មែរ មហាគ្រួសារខ្មែរ ដួងព្រលឹងជាតិខ្មែរ ទឹកចិត្តឆន្ទៈនិងក្តីស្រឡាញ់៕