ផុតឱសានវាទ ! កម្ពុជា សម្រេចបិទការនាំចូលបន្លែ ផ្លែឈើ ពីប្រទេសថៃ នៅតាមច្រកព្រំដែនទាំងអស់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ផុតឱសានវាទត្រឹម ២៤ម៉ោងនោះ គិតមកដល់ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នេះ អាជ្ញាធរ មានសមត្ថកិច្ចរបស់កម្ពុជាបានសម្រេចបិទការនាំចូលបន្លែ ផ្លែឈើ គ្រប់ប្រភេទពីថៃនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងអស់។

បើតាម លោកឧត្តមសេនីយ៍ឯក សុខ វាសនា បានឱ្យដឹងថា ភាគីកម្ពុជា បានសម្រេចចិត្តបិទលើការនាំចូលបន្លែ ផ្លែឈើពីថៃនៅតាមច្រកទ្វារអន្តរជាតិសំខាន់ៗទាំងអស់ហើយ ។ លោកថា បន្ទាប់ពីការបិទ មិនទាន់ឃើញភាគីថៃចេញមកសួរនាំនៅតាមទ្វារព្រំដែននោះទេ ខណៈស្ថានភាពក៏មិនទាន់មានអ្វីគួរឲ្យកត់សម្គាល់នោះទេ ព្រោះកម្ពុជាបានប្រកាសតាំងពីថ្ងៃ១៦ មិថុនា ។

លោក បន្តថា «ច្រកអន្តរជាតិដែលបានបិទការលើនាំចូលបន្លែផ្លែឈើពីថៃនេះ មានចំនួន៧ នៅច្រកជាំ ច្រកអូស្មាច់ ច្រកភ្នំដី ច្រកព្រំ ច្រកដូង ច្រកប៉ោយប៉ែត និងច្រកស្ទឹងបត់»។

សូមរំលឹកថា កាលពីថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសទុកពេលឲ្យភាគីថៃត្រឹមរយៈពេល២៤ម៉ោង ក្នុងការបើកច្រកទ្វារព្រំដែនដែលថៃ បានបិទជាឯកតោភាគី បើមិនព្រមបើកទេ នឹងបិទទ្វារព្រំដែនមិនឲ្យមានការនាំចូល បន្លែ ផ្លែឈើ គ្រប់ប្រភេទពីថៃ៕

សូមបញ្ជាក់ថា វិវាទព្រំដែនរវាងកម្ពុជា-ថៃ បានឡើងជារលកកម្ដៅខ្លាំងម្តងទៀតកាលពីព្រឹកថ្ងៃ២៨ ឧសភា ក្រោយកងទ័ពថៃ បានបាញ់មុនចូលលេណដ្ឋានកម្ពុជាបណ្ដាលឲ្យយោធិនកម្ពុជា១នាក់បាត់បង់ជីវិត នៅតំបន់មុំបី ក្នុងទឹកដីខេត្តព្រះវិហារ ។ ក្រោយជម្លោះរវាងភាគីកើតឡើងអស់ជិត២០ថ្ងៃមក កម្ពុជាបានយកសំណុំរឿងតំបន់មុំបី , ប្រាសាទតាមាន់តូច , ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ(ICJ) កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ហើយក៏បានទៅដល់ដៃក្រឡាបញ្ជីនៃ ICJ កាលពីថ្ងៃល្ងាចថ្ងៃ១៧ មិថុនា ៕