សម្តេច ស ខេង ក្រើនរំលឹកដល់កងកម្លាំងការពារព្រំដែន បន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន

បាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានក្រើនរំលឹកដល់កងកម្លាំងការពារព្រំដែនគ្រប់ប្រភេទ បន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន។

នាឱកាសអញ្ជើញចុះសួរសុខទុក្ខអង្គភាពកងកម្លាំងគ្រប់ប្រភេទដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេច ស ខេង បានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តដល់កងកម្លាំងគ្រប់ប្រភេទដែលបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការការពារបូរណភាពទឹកដី និងរក្សាសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ជាមួយគ្នានោះដែរ សម្តេច ក៏បានក្រើនរំលឹកដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់បន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនជាពិសេសគឺត្រូវគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជា និងការណែនាំ របស់ថ្នាក់ដឹកនាំតាមអង្គភាព។ សម្ដេច បានបញ្ជាក់ថា ដោយស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមឲ្យ មេបញ្ជាការ ក៏ដូចជាកងកម្លាំងថ្នាក់ក្រោមគ្រប់ប្រភេទទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជា និងការសម្រេចនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ 

លើសពីនេះ សម្តេច ស ខេង ក៏បានមានប្រសាសន៍កោតសរសើរដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំទាំងអស់របស់ខេត្តប៉ៃលិន ដែលជាខេត្តជាប់ព្រំដែន ដោយបានរក្សាសន្តិសុខ សុវត្ថិភាព និងដំណើរការសេវាសាធារណៈដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្ថានភាពដែលមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង៕