ស្អែកនេះ រដ្ឋសភា នឹងបន្តសម័យប្រជុំលើកទី៣  មានរបៀបវារៈចំនួន០៤ ក្នុងនោះ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូន ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និង ឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ តាមកម្មវិធីគ្រោងទុក នៅព្រឹកថ្ងៃទី២០ វិច្ឆិកា ស្អែកនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ តាមរបៀបវារៈចំនួន០៤ ដោយក្នុងនោះរបៀបវារៈទី១ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ រូប៖ ១-ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។ ២-ឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។

យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានមជម្រាបជូនថា នៅថ្ងៃពុធ ៥រោច ខែ កត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា។

សម័យប្រជុំនោះ តាមរបៀបវារៈរួមមាន ៖ ទី១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ រូប៖ ១-ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ។ ២-ឯកឧត្តម សុខ ចិន្តាសោភា ជាឧបនាយករដ្ឋមន្ត្រី។

ទី២-ការពិភាក្សា និងអនុម័តលើយោបល់ស្នើសុំកែសម្រួលចំណងជើងនិងបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍ កម្ពុជា-ឡាវ- វៀតណាម។ ទី៣-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ និងទី៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥៕