ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសន៍ដល់សិស្សនិទ្ទេស A ឱ្យពុះពារសិក្សាបន្ថែម និងជ្រើសឱ្យត្រូវជំនាញនៅថ្នាក់ឧត្ដមសិក្សា 

ព្រៃវែង៖ មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបានជាប់និទ្ទេស A ចំនួន ១១៩នាក់ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងព្យាយាមរៀនសូត្រ រហូតទទួលបាននូវលទ្ធផលដ៏ល្អនាពេលនេះ ។ 

ឯកឧត្តមអភិសន្តិបណ្ឌិត បន្តថា លទ្ធផលដ៏ល្អមួយនេះ មិនត្រឹមតែបានលើកកិត្តិយសមុខមាត់របស់ខ្លូនប៉ុណ្ណោះទេ កិត្តិយសនេះក៏បានមកផ្ដល់ជូនអាណាព្យាបាល ឳពុកម្ដាយ និងលោកគ្រូអ្នកគ្រូផងដែរ ព្រោះអាណាព្យាបាល ឳពុកម្ដាយ និងលោកគ្រូអ្នកគ្រូនេះហើយ ជាមនុស្សដ៏សំខាន់នៅពីក្រោយ ក្នុងការលះបង់ធនធាន ពេលវេលា ជួយជំរុញការសិក្សា តាំងដើមទីរហូតមកដល់លទ្ធផលចុងក្រោយ ។ 

ទន្ទឹមនឹងលទ្ធផលដ៏ល្អនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់អនុសាសន៍ដល់សិស្សនិទ្ទេសAទាំង១១៩ ក៏ដូចជាសិស្សដទៃទៀត បន្តខិតខំប្រឹងប្រែងពុះពារសិក្សារៀនសូត្រ បើសិស្សដែលប្រឡងមិនជាប់ ប្រឹងរៀនបន្ថែមទៀតដើម្បីប្រឡងឱ្យជាប់នៅឆ្នាំក្រោយ បើសិស្សប្រឡងជាប់ ត្រូវពុះពារបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ដោយជ្រើសរើសនូវមុខវិជ្ជាជំនាញដែលខ្លួនស្រឡាញ់ និងឱ្យត្រូវតាមតម្រូវការរបស់សង្គមជាតិ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគូសបញ្ជាក់ដែរថា លទ្ធផលដ៏ល្អនេះ គឺជាមោទនភាពមួយ និងជាកិតិ្តយសសម្រាប់ខេត្តព្រៃវែងទាំងមូល ក្នុងបរិបទនៃការបន្តធ្វើកំណែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភដល់ក្មួយៗប្រឡងជាប់និទ្ទេស A ទាំង ១១៩នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន ៣០០ដុល្លារ ដើម្បីជាការលើកទឹកចិត្ត។ ដោយឡែកលោកនាយក នាយិកាវិទ្យាល័យ ទាំង២៨ដែលមានសិស្សជាប់និទ្ទេស A ក្នុងមួយវិទ្យាល័យទទួលបានការឧបត្ថម្ភថវិកា ចំនួន២០ម៉ឺនរៀលផងដែរ៕