អគ្គស្នងការនគរបាលជាតិ ចាត់ទុកសន្តិសុខឯកជន ជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការនគរបាលជាតិ បានចាត់ទុកថា សន្តិសុខឯកជន ជាកម្លាំងជំនួយដល់សមត្ថកិច្ច ក្នុងការចូលរួមសហការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស នៅតាមទីតាំងឯកជន និងតាមសាធារណៈ។

ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៧៣ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកទឹកចិត្តដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ បន្ដផ្ដល់សេចក្ដីរាយការណ៍ពីករណីសង្ស័យមានបទល្មើសកើតឡើង ពិសេសបទល្មើសគ្រឿងញៀនក្នុងគោលដៅដែលខ្លួនកំពុងឈរជើងការពារមកកាន់សមត្ថកិច្ច ដើម្បីមានវិធានការ ឬឈានទៅបង្ក្រាបឲ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានកោតសរសើរដល់ភ្នាក់ងារសន្តិសុខឯកជន ដែលសហការ និងផ្តល់កិច្ចសហការ ចូលរួមបង្ការទប់ស្កាត់បទល្មើសនានា នៅតាមទីតាំងគោលដៅរបស់ខ្លួន ធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួនផងដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ បទល្មើសមួយចំនួនបានកើតឡើងតាមទីតាំងស្នាក់នៅ ដែលក្រុមឧក្រិដ្ឋជន ពួនសម្ងំ ប្រព្រឹត្តបទល្មើសដូចជា៖ ការផលិតគ្រឿងញៀន ចែកចាយ ប្រើប្រាស់គ្រឿងញៀន ការបង្ខាំងមនុស្សខុសច្បាប់ ការចាប់ជំរឹតទារប្រាក់ ការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អំពើលួចគាស់ជាដើម។

លោកប្រធាននាយកដ្ឋាន បានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ លើវិស័យសន្តិសុខឯកជន ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការនាសម័យនេះ ដែលជាសម័យមួយពោពេញទៅដោយការអភិវឌ្ឍន៍ និងការរីកចម្រើនជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង៕