
ភ្នំពេញ ៖ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។ ជំនួបនេះត្រូវបានធ្វើឡើងនៅសាលសវនាការលោកសន្តិបណ្ឌិត នាអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ដ្រី។

ជាកិច្ចចាប់ផ្ដើម លោកសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងអំពីកិច្ចការដែលលោកទទួលភារកិច្ចក្នុងអាណត្តិនេះ រួមមាន ទទួលបន្ទុកវិស័យសន្តិសុខជាតិ, ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, គណៈកម្មាធិការសន្តិសុខឌីជីថល និងគណៈកម្មការជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល។ ដោយឡែក ចំពោះបញ្ហាគ្រឿងញៀន ទាមទារឲ្យកិច្ចសហការបន្ថែមរវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា។

ក្នុងន័យនេះ លោកសន្ដិបណ្ឌិត នាយករដ្ឋមន្ដ្រីស្ដីទី បានស្នើឯកអគ្គរដ្ឋទូតឥណ្ឌា ចាត់តាំងមន្ត្រីទំនាក់ទំនងទទួលបន្ទុកបញ្ហាគ្រឿងញៀន ដើម្បីងាយស្រួលក្នុងធ្វើការងារយ៉ាងជិតស្និត ជាមួយភាគីកម្ពុជា។

ជាការឆ្លើយតប លោក Vanlalvawna Bawitlung ក៏បានថ្លែងអំណរគុណដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដែលបាននិងកំពុងធ្វើការយ៉ាងសកម្ម ក្នុងការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ ដោយបានចាត់វិធានការយ៉ាងតឹងរ៉ឹង ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសនេះ។ លោក បានស្នើក្រសួង ឬស្ថាប័នពាក់ព័ន្ធអាចកំណត់អត្តសញ្ញាណវត្តមានរបស់ជនជាតិឥណ្ឌា ក្នុងករណីទាំងនេះ សូមធ្វើការសហការជាមួយស្ថានទូតឥណ្ឌា ដើម្បីរៀបចំនីតិវិធីក្នុងការធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសឥណ្ឌាវិញ។

ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ លោកសន្ដិបណ្ឌិត បញ្ជាក់ថា ដោយថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន និងលោកអនុប្រធាន ហើយបន្តការគាំទ្រ និងសហការនៅពេលមានបទលើ្មសពាក់ព័ន្ធនឹងជនជាតិឥណ្ឌាកើតឡើង តាមអ្វីដែលលោកឯកអគ្គរដ្ឋទូតបានស្នើសុំ៕






Leave a Reply