កម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងបង្រ្កាបបទល្មើស និងទប់ស្កាត់ ការក្លែងបន្លំដើមកំណើតទំនិញ

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងបង្រ្កាបបទល្មើស និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាព។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច។

ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Bridgette Walker ភារៈធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងកិច្ចខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានកាន់តែស៊ីជម្រៅ និងល្អប្រសើរថែមទៀត។

ក្នុងជំនួបនោះដែរ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីករណីអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ 

ជាការឆ្លើយតប ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានជម្រាបជូនថា កម្ពុជា បានខិតខំរៀបចំ និងដោះស្រាយកត្តាដែលមានឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដូចជាបានបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ដែលមាន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន និងបានត្រៀមលក្ខណៈរួចរាល់ក្នុងការចូលរួមចរចាជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក អំពីការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) ជុំទី២នៅសហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយនេះ។

បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងនីតិវិធីបង្ការ និងបង្រ្កាបបទល្មើស និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រសួងពាណិជ្ជកម្ម ស្តីពីវិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែង បន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង ប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្ដីពីនីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដើម្បីជំរុញទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតជាដើម៕