នគរបាលខេត្តស្វាយរៀង បង្ក្រាបគ្រឿងញៀនបានជិត ៦០គីឡូក្រាម និងចាប់ខ្លួនជនជនជាតិវៀតណាម ចំនួន ៨នាក់ ក្នុងក្រុងបាវិត និងក្រុងស្វាយរៀង

ស្វាយរៀង ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ដ្រក្រុងបាវិត និងក្រុងស្វាយរៀង ដោយដកហូតបានគ្រឿងញៀនសរុបជិត ៦០គីឡូក្រាម និងចាប់ខ្លួនជនជាតិវៀតណាម ចំនួន ៨នាក់។

លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានអះអាងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ក្រោមការសម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។

បើតាមលោកឧត្តមសេនីយ៍ត្រី កែវ សុថា ប្រតិបត្តិការនេះធ្វើឡើងនៅពីរគោលដៅផ្សេងគ្នា ក្នុងនោះរួមមាន៖

គោលដៅក្រុងបាវិត៖ ចាប់យក និងដកហូតសម្ភារវត្ថុតាង រួមមាន សារធាតុញៀនសរុបទម្ងន់៦.២គីឡូក្រាម ក្នុងនោះមានថ្នាំញៀនប្រភេទកេតាមីន, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន, ថ្នាំញៀនប្រភេទអុិចស្តាសុី និងថ្នាំគ្រាប់ប្រភេទមេតំហ្វេតាមីន។

គោលដៅផ្ទះជួលភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង៖ ចាប់រកវត្ថុតាងសារធាតុញៀនសរុប៥០.៧គីឡូក្រាម ក្នុងនោះមានថ្នាំញៀនប្រភេទកេតាមីន, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន, ថ្នាំញៀនប្រភេទអុិចស្តាសុី, ថ្នាំញៀនប្រភេទអុិចស្តាសុី និងសារធាតុមិនច្បាស់មួយចំនួន។ ព្រមទាំងឧបករណ៍សម្ភារមួយចំនួនទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕