កម្ពុជា-រុស្ស៊ី ប្តេជ្ញារួមគ្នាសហការប្រយុទ្ធប្រឆាំងអំពើពុករលួយ លើការងារអប់រំ ទប់ស្កាត់ បណ្តុះបណ្តាល និងស៊ើបអង្កេត

ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៥ របស់ប្រតិភូអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ីចំនួន ១៨ រូប ដឹកនាំដោយ លោក IGOR KRASNOV អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា នាសៀលថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥ នៅ អ.ប.ព.។

លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចដែលនឹងទទួលបានជោគជ័យក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង អ.ប.ព. និង អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី នៅក្នុងពេលជាមួយគ្នានេះ។

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានជម្រាបជូនគ្នាទៅវិញទៅមក អំពីយុទ្ធសាស្ត្រអប់រំ ដើម្បីឱ្យមនុស្សប្រឆាំងអំពើពុករលួយ និងកែប្រែអាកប្បកិរិយាអសកម្ម។ លោក ទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីការយកចិត្តទុកដាក់របស់ អ.ប.ព. ទៅលើការបង្កើតសៀវភៅប្រឆាំងអំពើពុករលួយ ដាក់ទៅក្នុងកម្មវិធីសិក្សានៅកម្រិតបឋមសិក្សា រហូតដល់វិទ្យាល័យ និងមានគ្រូបង្គោល និងជនបង្គោលប្រចាំស្ថាប័ន ក្រសួង។

លោក Igor KRASNOV បានថ្លែងយ៉ាងដូច្នេះថា «អំពើពុករលួយ ជាឧបសគ្គមួយ បើយើងប្រឹងប្រែងរួមគ្នា នោះកិច្ចការប្រឆាំងអំពើពុករលួយនឹងទទួលបានប្រសិទ្ធភាព ។ ខ្ញុំត្រៀមខ្លួនគ្រប់ការសន្ទនា សហការបើកចំហជាមួយ អ.ប.ព. គោរពគ្នាទៅវិញទៅមក ជាដៃគូរបស់យើង ផលប្រយោជន៍រួមរបស់យើង»។

ក្នុងឱកាសជាមួយគ្នានេះ ក៏មានពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងអង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីពង្រីកទំនាក់ទំនងអន្តរស្ថាប័នលើក្របខណ្ឌច្បាប់នៃអាជ្ញាធរមានសមត្ថកិច្ចប្រឆាំងពុករលួយទាំងពីរ និងប្រទេសទាំងពីរ៕