កម្ពុជា ប្រែក្លាយពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន ទៅជាប្រទេសឈានមុខមួយ ក្នុងសកម្មភាពមីនសាកល

ភ្នំពេញ ៖ នៅទី២៧ ខែឧសភា ឆ្នាំ២០២៥ នាស្ថាតទូតស្វីសប្រចាំទីក្រុងបាងកក លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា កម្ពុជា ប្រែក្លាយពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្តុះពីសង្គ្រាម ទៅជាប្រទេសឈានមុខមួយក្នុងសកម្មភាពមីនសាកល និងបានដើរតួសំខាន់ ក្នុងការចែករំលែកចំណេះដឹង និងជំនាញទៅកាន់ប្រទេសរងគ្រោះផ្សេងទៀត។

នាឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសជាមិត្ត ដៃគូអភិឌ្ឍ អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងបេសសកកម្មមនុស្សធម៌របស់កម្ពុជា និងបានអំពាវនាវប្រទសជាមិត្តទាំងអស់ នៅបន្តគាំទ្រដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្តល់ជាថ្មីនូវ សុខសុវត្ថិភាព ស្នាមញញឹម និងសេចក្តីថ្លៃថ្នូរ ដល់សហគមន៍ដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ 

លោក បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩២ មក ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធនានា កម្ពុជា បានរំដោះផ្ទៃដីសរុបប្រមាណជាង ៣ ០០០ គីឡូម៉ែតក្រឡា ដោយផ្ទៃដីដែលបានបោសសម្អាតរួច បានប្រគល់ជូនសហគមន៍ សម្រាប់ការរស់នៅ និងអភិវឌ្ឍ ដែលបានចូលរួមយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជា។ 

លោក បានគូសបញ្ជាក់ថា «កម្ពុជាប្រែក្លាយពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្តុះពីសង្គ្រាម ទៅជាប្រទេសឈានមុខមួយក្នុងសកម្មភាពមីនសាកល និងបានដើរតួសំខាន់ ក្នុងការចែករំលែកចំណេះដឹង និងជំនាញទៅកាន់ប្រទេសរងគ្រោះផ្សេងទៀត ហើយជាពិសេស ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានជោគជ័យធំធេង ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ «កិច្ចប្រជុំកំពូលសៀមរាប-អង្ករ ស្តីពីពិភពលោកមួយដែលគ្មានមីន»។ 

លោក  បានលើកឡើងថា ទោះបីជាសម្រេចបានសមិទ្ធផលដ៏ធំធេងដូចនេះក្តី កម្ពុជា នឹងត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាដែលនៅសេសសល់ ជាពិសេសតំបន់ចម្ការមីនដែលមានភាពស្មុគស្មាញខ្លាំង ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង មិនរស់នៅក្នុងភាពភ័យក្លាច ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕