ភ្នំពេញ ៖ ក្នុងឱកាសទិវាខួបចម្រើនជន្មាយុ សម្តេចមហារដ្ឋសភាធិការធិបតី នាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួហមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានគោរពផ្ញើសារជូនពរ និងសម្ដែងការគោរពកោតសរសើរ ដ៏ស្មោះស្ម័គ្រចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ដែលតែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញបេសកកម្មដឹកនាំស្ថាប័នរដ្ឋសភា ។

ក្នុងខ្លឹមសារនៃសារជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ សូមអនុញ្ញាតចូលរួមសម្តែងអំណរសាទរយ៉ាងជ្រាលជ្រៅ ប្រកបដោយសេចក្តីសោមនស្សយ៉ាងក្រៃលែង ក្នុងឱកាសទិវាខួបចម្រើនជន្មាយុ សម្តេចមហារដ្ឋសភាធិការធិបតី នាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។
ក្នុងវេលាដ៏នក្ខត្តឫក្សនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ដែលតែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញបេសកកម្មដឹកនាំស្ថាប័នរដ្ឋសភា ឱ្យបន្តដើរតួនាទីស្នូលយ៉ាងសំខាន់ក្នុងការរួមចំណែកធានាបានរឹងមាំ នូវសុខសន្តិភាព និងស្ថិរភាពជាតិ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ជាពិសេស ការពង្រឹងនីតិរដ្ឋស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី និងពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

នាឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រី ពន្ធនាគារនៃក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
Leave a Reply