
កំពត ៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុង ពីធីប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តកំពតជាខេត្តទី២១ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

ជាកិច្ចចាប់ផ្ដើម លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានធ្វើសុន្ទរកថាស្វាគមន៍ និងធ្វើរបាយការណ៍បញ្ជាក់ជូនថា នៅក្នុងខេត្តកំពត ចែកចេញជា ៩ ក្រុង-ស្រុក, ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ មានប្រជាពលរដ្ឋសរុប ៧០៩ ៣៧៥នាក់ ស្មើនឹង ១៦៥ ៩៨៥គ្រួសារ ក្នុងនោះខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់ ស្មើនឹង ១០០% ដែលខ្នងផ្ទះមានបង្គន់អនាម័យផ្ទាល់ខ្លួន មានចំនួន ១៤៩ ៤៥៨ខ្នងផ្ទះ ស្មើនឹង ៩៤,៣៧%, ខ្នងផ្ទះប្រើបង្គន់អនាម័យរួម មានចំនួន ៨ ៩១១ខ្នងផ្ទះ ស្មើនឹង ៥,៦៣%ដែលធ្វើឱ្យស្ថានភាពក្រុង ស្រុក, ឃុំ សង្កាត់ និងភូមិ សម្រេចបានការបញ្ចប់ការបន្ទោបង់ពាលវាលពាលកាលនៅទូទាំងខេត្ត។

លោករដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន ក៏បានជម្រាបជូនអង្គពិធីអំពីកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងចក្ខុវិស័យច្បាស់លាស់របស់ក្រសួងក្នុងការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យជនបទ ឯកឧត្ដមរដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលបច្ចុប្បន្នសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៩,៩០% ក្នុងនោះអត្រាគ្របដណ្តប់ទឹកស្អាតកម្រិតមូលដ្ឋាន ៨៧,៤០% និងអនាម័យជនបទកម្រិតមូលដ្ឋាន ៩២,៤០% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។

លោករដ្ឋមន្រ្ដី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្ដចូលរួមរក្សាឱ្យបាននូវនិរន្ដរភាពជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាលកាល សូមឱ្យបន្តចូលរួមយ៉ាងសកម្ម និងសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត៕





Leave a Reply